កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាល ខែវិច្ឆិកា ខាងមុខ

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ហើយក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ប្រទេសវៀតណាមកំពុងចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀតដើម្បីរៀបចំយ៉ាងសកម្មសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងកាលពីថ្ងៃទី ១៥ ខែតុលា លោកស្រីបាននិយាយថា ប្រទេសវៀតណាមកំពុងរៀបចំផែនការរៀបចំដើម្បីធានាសន្តិសុខ និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលនេះ។

លោកស្រី Hang បានកត់សម្គាល់ថា យោងតាមគោលការណ៍នៃការឯកភាពគ្នារបស់អាស៊ាន បន្ទាប់ពីប្រទេសជាសមាជិកឈានដល់កិច្ចព្រមព្រៀងលើផែនការអង្គការសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូន។

ទាក់ទងនឹងព័ត៌មានដែលបណ្តាប្រទេសជាដៃគូមួយចំនួន ដូចជាសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី មានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ានទាក់ទងនឹងសេរីភាពនៃការធ្វើនាវាចរណ៍ អ្នកនាំពាក្យរួបនេះបាននិយាយថា អាស៊ានបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងគំនិតនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង។

លោកស្រីបានកត់សម្គាល់ថា ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២០ ប្រទេសវៀតណាមចាត់ទុកការកសាងអាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប គឺជាភារកិច្ចចម្បងក្នុងពេលធ្វើជាប្រធានអាស៊ាននេះ។ ផ្អែកលើមូលដ្ឋាននេះ ប្រទេសវៀតណាមបាន និងកំពុងបង្កើនការកសាងសហគមន៍ ដោយបញ្ជាក់អំពីតួនាទីស្នូលរបស់អាស៊ានក្នុងស្ថាបត្យកម្មក្នុងតំបន់ និងពង្រីកទំនាក់ទំនងខាងក្រៅរបស់ប្លុក។

ចំពេលដែលកំពុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់រយៈពេលវែង និងយ៉ាងជ្រាលជ្រៅទៅលើទិដ្ឋភាពសង្គមសេដ្ឋកិច្ចនៅជុំវិញពិភពលោក និងតំបន់ ប្រទេសវៀតណាមសូមស្វាគមន៍ និងត្រៀមខ្លួនចូលរួមជាមួយអាស៊ាន និងបណ្តាប្រទេសជាដៃគូ ដើម្បីស្តារសេដ្ឋកិច្ច និងស្ថិរភាពជីវិតរស់នៅរបស់ប្រជាជននៅតំបន់អាស៊ី – ប៉ាស៊ីហ្វិកសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាព៕ by AKP

អត្ថបទដែលជាប់ទាក់ទង