សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ គោលដៅទីមួយ ចំនួន ៥០០០គ្រួសារ
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(ទីតាំងទីមួយ ៥ពាន់គ្រួសារ និងគោលដៅទីពីរ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។ ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គឺគោលដៅទី១ ស្ថិតនៅបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនាពេលនេះ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំផ្ញើរសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចតេជោបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ បន្ទាប់ពីអញ្ជើញចែកអំណោយនៅទីតាំងទី១រួចហើយមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបន្តដំណើរមកសួរសុខទុក្ខ និងចែកអំណោយនៅទីតាំងទី២ ជាបន្តទៀតដែលស្ថិតនៅ ចំនុចផ្សារធំថ្មី បូរីជ័យ II ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ហើយសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបន្តធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការលិចលង់ផ្ទះ និងបាននាំយកអំណោយចែកជូនដោយផ្ទាល់នៅតាមផ្ទះផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈនិងចំណីអាហារផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះឲ្យបាន ដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលនេះ រថយន្តចំនួន ២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើឲ្យសកម្មភាពដ៏សំខាន់ ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាលរដ្ឋដែលរងគ្រោះទឹកជំនន់នេះ សម្រាប់ជាការដឹកជញ្ជូន ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។ សម្តេចតេជោ សូមឲ្យអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាតមើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាមផ្ទះ ឬនៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះគឺ ទី១.ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២.ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣.យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។
ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ទឹកបរិសុទ្ធ១កេះធំ ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល។
ពេលកំពុងមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលត្រូវជម្លៀសចេញពីតំបន់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សម្ដេចនឹងត្រឡប់ទៅខេត្តបន្ទាយមានជ័យម្ដងទៀត ដើម្បីពិនិត្យស្ថានភាព ព្រោះទឹកជំនន់បន្ដធ្ងន់ធ្ងរនៅឡើយ។
តាមផែនការដែលបានគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ស្អែកនេះ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារទៀត នៅក្រុងប៉ោយប៉ែត និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្ដេចនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ។
ដោយសារតែស្ថានភាពមិនទាន់ធូរស្រាល និងមិនអាចមើលរំលងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងនូវការវាយប្រហារដោយទឹកជំនន់នោះ ប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ បានបញ្ជាក់ជាថ្មីថា ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចនឹងត្រឡប់ទៅខេត្តមួយនេះម្ដងទៀត។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ម្សិលមិញ និងសម្រាកមួយយប់នៅខេត្តសៀមរាប ទើបបន្ដដំណើរទៅកន្លែងរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ៕