ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន-អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការ សហប្រជាជាតិ (AUMM) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ជាមួយនិងរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ការអញ្ជើញចូលរួមប្រជុំរបស់ឯកឧត្តម ប្រាក់ សុខុននេះគឺធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

កិច្ចប្រជុំនេះ ពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ រួមមាន ការអនុវត្តសេចក្តីថ្លែងការរួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះក៏នឹងមាន ការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ ក្នុងការស្វែងរកវិធីពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដោយសារតែវិបត្តិសុខភាពសកលដែលបង្កឡើង ដោយជំងឺកូវីដ-១៩។

គួរកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM)នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ស្របពេលសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងឆ្នាំនេះ កិច្ចប្រជុំ AUMM ត្រូវបានរំពឹងថា នឹងរំលេចលើកិច្ចពិភាក្សាអំពីបញ្ហាតំបន់ និងសកលលោកមួយចំនួនដែលឆ្លុះបញ្ចាំងទៅនឹងមូលបទ សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគីដែលមាន ប្រសិទ្ធភាព» ៕

អត្ថបទដែលជាប់ទាក់ទង