ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា លើកទឹកចិត្ត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ជួយ​កែប្រែ​ទម្លាប់​កសិករ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មានចំណេះដឹង​ដាំ​ដុះ​ ដែល​ទទួលបាន​ទិន្នផល​ខ្ពស់​

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ ​រដ្ឋសភា (​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​) បាន​សូមឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ជួយ​កែប្រែ​ទម្លាប់​ប្រជាកសិករ ហើយ​ទទួលបាន​នូវ​ចំណេះដឹង​ដាំ​ដុះ​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់​។

​នៅក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៩ ក្រោម​ប្រធានបទ “​កសិករ​ខ្នាតតូច​ក្នុង​បរិបទ​កូ​វីដ​-១៩” រៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ព្រឹក​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ រដ្ឋសភា បាន​លើកឡើងថា ក្នុងស្ថានភាព​កូ​វីដ​-១៩​នេះ យើង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្តែ​ដោយមាន​វិស័យ​កសិកម្ម​នៅ​ទ្រទ្រង់​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង ហើយ​ជីវភាព​ប្រជាជន​យើង​នៅ​កន្លែង​ខ្លះ​នៅតែ​ល្អ​។ ឯកឧត្តម ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា បាន​លើកទឹកចិត្ត​ដល់​អង្គ​វេទិកា​ចំណុច​ដែល​សំខាន់​ក្នុងការ​ពិភាក្សា​នាពេលនេះ សូមឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​អំ​ពី​ការកែប្រែ​ទស្សនៈ​របស់​បងប្អូន​ប្រជាកសិករ​យើង​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មានគំនិត​កែច្នៃ ពិសេស​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដាំ​ដុះ​ឱ្យអស់​លទ្ធភាព សម្រាប់​គ្រប់​ផលិតផល​ដែល​អាច​កែច្នៃ​បាន ដើម្បី​បង្កើន​តម្លៃបន្ថែម​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ដូច​កសិករ​ម្នា​ក់មាន​ដី​តូច​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដោយមាន​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​ទីផ្សារ​ចុះជួយ​បណ្តុះបណ្តាល​ធ្វើឱ្យ​គាត់​មានចំណេះដឹង​មាន​ជំនាញ​ដាំ​ដុះ អា​ចរក​ចំណូល​លើដី​តូច ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​រកបាន ៦០០​ដុល្លារ​អាម៉េរិក​។ មួយទៀត​កសិករ​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ កសិករ​មួយ​នេះ​មាន​ដី​ជាង ១.០០០​ម៉ែត្រក្រឡា ប៉ុន្តែ​ការផលិត និង​ការចិញ្ចឹម​សត្វ​របស់គាត់​រក​ចំណូល​ជា​មធ្យម​បាន​ពី ១.០០០​ដុល្លារ​អាម៉េរិក​ឡើងទៅ​ ដូច្នេះ​ការជួយ​ឱ្យ​ប្រជាកសិករ​មានចំណេះដឹង​មាន​ជំនាញ​លើ​ផ្នែក​ដាំ​ដុះ​សំខាន់​ណាស់ ដែល​អង្គ​វេទិកា​យកចិត្តទុកដាក់​។​

តាម​របាយការណ៍​លោក​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន រដ្ឋាភិបាល ស្តីពី​កម្ពុជា​បានឱ្យដឹងថា វេទិកា​ឆ្នាំនេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​កសិករ​ខ្នាតតូច​ក្នុង​បរិបទ​កូ​វីដ​-១៩ ” ដោយមាន​អ្នកចូលរួម​សរុប​ចំនួន​១៦២​នាក់ ដែល​អញ្ជើញ​មកពី តំណាង​កសិករ​មកពី​១៤​ខេត្ត ក្រុង សហគមន៍​កសិកម្ម កសិករ ស្ត្រី​ឆ្នើម យុវជន ជនជាតិដើម​ភាគតិច តំណាង​រដ្ឋសភាជាតិ តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល មន្ទីរ​កសិកម្ម និង​មន្ទីរ​កិច្ចការនារី​តាម​ខេត្ត​ក្នុង​តំបន់ ក្រសួង​ពាក់ព័ន្ធ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដៃគូ​អភិ វឌ្ឍន៍ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន ធនាគារ អ្នកសារព័ត៌មាន ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​កសិផល​រប​ស់​កសិករ​ខ្នាតតូច ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ក៏ដូចជា​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ដែល​ពាក់ព័ន្ធ ។

ជាពិសេស​យន្តការ​គាំទ្រ​កសិករ​ខ្នាតតូច ឆ្លើយតប​ផលប៉ះពាល់​នៃ​កូ​វីដ​-១៩ និង​ពង្រឹង​កិច្ចសហការ និង​ភាពជា​ដៃគូរ​ដើម្បី​គាំទ្រ​កសិករ​ខ្នា​តូច លើ​ការវិនិយោគ​វិស័យ​កសិកម្ម និង​ក​សិ​ធុរៈកិច្ច​ក្នុងស្ថានភាព និង​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕

អត្ថបទដែលជាប់ទាក់ទង