ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងបានឡើងដល់ ៣៦នាក់ហើយ គិតត្រឹមថ្ងៃទី២២នេះ និងប្រជាជនជាង ៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាជនជម្លៀសប្រមាណ ១១ ៥២៩គ្រួសារ ស្មើប្រមាណ ៤៦ ១១៦នាក់។ ប្រជាជនស្លាប់ ៣៦នាក់ (កើនឡើងនៅខេត្តបន្ទាយមានជ័យម្នាក់ និងខេត្តកំពង់ធំម្នាក់ ) រីឯផ្ទះប៉ះពាល់ប្រមាណ ១០៦ ៨៨៧ខ្នង និងខូចខាត ៦៣ខ្នង សាលារៀនលិចទឹកប្រមាណ ៧០៧កន្លែង ស្រូវលិចទឹកប្រមាណ ២៣២,២៩៩ ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៣ ៧២៩ហិកតា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥គីឡូម៉ែត្រ និងផ្លូវលំជនបទលិចទឹកប្រមាណ ១ ៦៦៥គីឡូម៉ែត្រ។
សេចក្តីប្រកាសបានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩រាជធានី-ខេត្ត ស្មើនឹង ១១០ ក្រុង.ស្រុក.ខណ្ឌ រួមមាន ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេដត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ៕