សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបប្រជាពលរដ្ឋ ដែលរងគ្រោះនៅខេត្តបន្ទាយមានជ័យ ក្នុងស្រុកគោលដៅនៃការចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់គឺនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៩នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាពជាង៣ពាន់គ្រួសារ និងធ្វើឱ្យខូចខាតដំណាំកសិកម្ម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងមរណទុក្ខ ចំពោះពលរដ្ឋដែលរងគ្រោះ នៅខេត្តបន្ទាយមានជ័យ ដែលរហូតដល់ពេលនេះមានអ្នកស្លាប់កើនដល់២២នាក់
សម្តេចតេជោ ហ៊ុន សែន ស្នើសុំចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការប្រយុទ្ធដើម្បីយកឈ្នះជាមួយទឹកជំនន់ដែលយើងមើលឃើញ យើងនៅតែបន្តប្រយុទ្ធជាមួយកូវីដ១៩ ដែលពិបាកជាងទឹកជំនន់ ព្រោះតែយើងមើលមិនឃេីញ។
នៅក្នុងឱកាសចែកអំណោយនៅស្រុកម៉ាឡៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ ៥០នាទី៖
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់សម្តេច សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ប្រជាជននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ទីណាដែលប្រជាជនបានសុខ មិនសូវឃើញមុខសម្តេចទេ ប៉ុន្តែនៅពេលណាដែលប្រជាជនមានទុក្ខ នឹងមានវត្តមានសម្តេចហើយ។
បើគ្មានតួអង្គមេខ្មែរក្រហម អ៉ី ឈាន និង សុខ ភាព ទេ ក៏នយោបាយឈ្នះឈ្នះ មិនបានទទួលជោគជ័យដែរ។
ស្ថាបនិកសន្តិភាព មិនមែនមានតែខ្ញុំតែឯងទេ គឺប្រតិបត្តិករទាំងអស់ សុទ្ធតែមានចំណែកទាំងអស់
បើគិតពីសមាហរណកម្ម ឆ្នាំ១៩៩៦ មកដល់ពេលនេះ មានអាយុ២៤ឆ្នាំ ដែលកែប្រែស្រុកម៉ាឡៃ ដែលជាតំបន់សង្គ្រាម ក្លាយទៅជាតំបន់អភិវឌ្ឍមួយ។ ប្រទេសដទៃនៅមានជម្លោះមិនទាន់បញ្ចប់ទេ តែកម្ពុជាបានបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង នៅតំបន់មួយចំនួន នៅឆ្នាំ១៩៩៦ និងទាំងស្រុងនៅឆ្នាំ១៩៩៨។
សម្តេចមានសមត្ថភាពតែ ពន្លត់ភ្លើងសង្គ្រាម តែសម្តេចមិនអាចធ្វើគ្រូអាចារ្យចំពោះជនមួយក្រុម ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះទេ
ក្រុមប្រឆាំងទាំងនោះបានជេរអ្នកគាំទ្រគណបក្សប្រជាជនសុទ្ធតែយួន និងដាក់ចេញនយោបាយមានឯងអត់អញ មានអញអត់ឯង ដែលធ្វើឱ្យសម្តេចមិនអាចអត់ឱនឱ្យបានឡេីយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ៖អ៊ុនតាក់បានចាយលុយអស់ ២ពាន់លាន ប៉ុន្តែនៅតែមិនអាចចូលប៉ៃលិន និងម៉ាឡៃបាន ពេលដែលមានសង្គ្រាមសម្តេចទើបតែមានអាយុ១៨ឆ្នាំ សម្តេចមិនមែនជាអ្នកបង្កើតសង្គ្រាមទេ។
ពូជសម្តេចមានអាយុមិនក្រោមអាយុ៩០ឆ្នាំនោះទេ អ្នកដែលប្រមាថ ប្រយុទ្ធស្លាប់មុនសម្តេច។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រឹងងើបឈរឡើង ដើម្បីស្តារជីវភាព ដែលរងការខូចខាត។ សម្តេចជឿជាក់ថា ពលរដ្ឋខ្មែរនឹងអាចធ្វើបាន។ ការចែកអំណោយ គឺគ្រាន់តែសម្រាលទុក្ខលំបាកមួយពេលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវគិតគូរក្នុងការស្តារកសិកម្មឡើងវិញ។ ទោះបីជាមិនទាន់មានពលរដ្ឋស្លាប់ដោយសរកូវីដ និងមិនទាន់មានការឆ្លងដល់សហគមន៍កម្ពុជា ដូចប្រទេសដទៃ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនរហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លង២៨៧នាក់ ដែលជាករណីនាំចូលយើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីអ្នកលេងហ្វេសបុកម្នាក់ ដែល Comment នៅក្នុងផេកសម្តេចថាខ្លួនក្រណាស់ តែសម្តេចបានតបវិញថា ក្រក្មួយនេះលំដាប់ VIP ព្រោះមាន Smart Phone ប្រើ តែក្រជំនាន់សម្តេចរកតែបាយទទួលទានមិនបានផង។ ខ្ញុំមានសមត្ថភាពរកសន្តិភាពជូនពលរដ្ឋបានប៉ុណ្ណឹង តែខ្ញុំអត់មានសមត្ថភាព រកសន្តិភាពឱ្យក្រុមមួយ ដែលតែងតែទាមទារឱ្យសម្តេចចុះចេញពីតំណែងទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនត្រូវការចរចានយោបាយជាមួយអ្នកណាទាំងអស់ អ្នកដែលធ្វើខុសច្បាប់ត្រូវស្ថិតនៅតុលាការ អ្នកដែលកាត់ទោសហើយ ត្រូវមកជាប់ពន្ធនាគារនៅកម្ពុជាសិន។ ក្រោយរំដោះពីប៉ុលពត ប្រជាជនខ្មែរមានតែ៥លាននាក់ទេ ប៉ុន្តែពេលនេះមានជាង១៦លាននាក់ហើយ ដែលរយៈពេល៤១ឆ្នាំ កើនដល់ជាង១០លាននាក់៕