សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ១ ៣៨២គ្រួសារ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី​២៤​ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូ​ រួមជាមួយសប្បុរសជនជាច្រេីនរូប​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែក​រំលែក​នូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង​ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់​ និងមិនទុក​ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចេញប្រតិបត្តិការព្រមៗគ្នាជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបម្រើប្រជាពលរដ្ឋដោយស្មោះ ហើយជាពិសេសសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។ បន្ថែមពីនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានថ្លែងអំណរគុណចំពោះបណ្តាញសារព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយពីសកម្មភាពមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ និងសកម្មភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាបន្តបន្ទាប់។
ថ្លែងពីវេទិកានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តាំផ្ញើនូវសារអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសដូចខាងក្រោម ៖
១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់​ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង​ និងពេលទឹកស្រកទៅវិញ​ ដែលពួកវាអាចបង្កគ្រោះថ្នាក់​ដល់ជីវិត។
៣.​ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤.​ នៅពេលទឹកស្រក​ មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ​ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត​ និងមានអនាម័យ​​ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត​ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៥.​ សូមប្រជាពលរដ្ឋ​ទាំងអស់​ នាំគ្នាធ្វើអំពើល្អ​ ជួយយកអាសារគ្នា​ ជួយគ្នាទៅវិញទៅមក​ ព្រោះថាអំពើល្អមិនចេះសាបសូន្យទេ។
៦.​ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩​ ត្រូវពាក់ម៉ាស់​ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។
បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។ សូមជម្រាបជូនថា​ នៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ មានសង្កាត់ចំនួន៧​ ក្នុងនោះមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤ ០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ៣ ១៨២គ្រួសារ​ (ស្មើនឹង​ ១៨ ៤២២នាក់)។
បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវទេយ្យទានប្រគេនវត្តកំពែង រួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៤០កំប៉ុង ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៥ ០០០ ០០០រៀល ប្រាំលានរៀល)​ ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ១លានរៀល។
ប្រគេនព្រះសង្ឃ ១៩អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនតាអាចារ្យនិងគណៈកម្មការវត្ត ២១នាក់ និងយាយជី ២០នាក់ ក្នុងម្នាក់ៗថវិកា ៥០ ០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០ ០០០រៀល ជូនកូនសិស្សបម្រេីព្រះសង្ឃ ៤នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល៕
អត្ថបទដែលជាប់ទាក់ទង