Detail Top Banner

ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ៖ ការប្រកួតឆ្នាំនេះ គឺជាការលើកកម្ពស់គុណភាពបច្ចេក ទេសឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០នេះ មានគោលបំណងបំផុសស្មារតីឱ្យយុវជនចូលរួមលេងកីឡានេះឱ្យកាន់តែសម្បូរបែប ក៏ដូចជាបង្កើតឱកាសឱ្យមានការប្រកួតប្រជែងកាន់តែទូលំទូលាយជាមួយនឹងការលើកកម្ពស់ក្នុងការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី និងជំរុញឱ្យបទពិសោធន៍របស់មន្ត្រីបច្ចេកទេសប្រកួតឱ្យកាន់តែប្រសើរព្រមជាមួយគ្នា ដើម្បីឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តមប្រធានសហព័ន្ធបានលើកទឹកចិត្តដល់ក្រុមចូលរួមទាំងអស់ដែលបានខិតខំបញ្ចេញអស់ពីសមត្ថភាព ដើម្បីប្រជែងយកមេដាយនៅក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ នាពេលនេះ។ ឯកឧត្តមចាត់ទុកថា តាមរយៈការខិតខំរៀបចំព្រឹត្តិការ ណ៍នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់សហព័ន្ធ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជំនាញមួយនេះនៅកម្ពុជាក្នុងដំណើរជាជំហានៗស្របតាមគោលដៅឆ្ពោះទៅស៊ីហ្គេម ២០២៣។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបញ្ជាក់ថា ការប្រកួតនេះ បានប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានចំនួន ២២សមាគម ក្លឹបរាជធានី-ខេត្ត (មាន៦ខេត្ត) សរុប២៤ក្រុម ដែលមានប្រតិភូ គ្រូបង្វឹក ចំនួន ៤១នាក់ ស្រី១នាក់ កីឡាករ-កីឡាការិនី សរុប ១៣៣នាក់ ស្រី១៩នាក់ ដោយបែងចែកជា២ក្រប័ខណ្ឌ (ក្របខ័ណ្ឌ ក១ អាយុ១៩ឆ្នាំឡើង និង ក្របខ័ណ្ឌ ក២ អាយុ១៨ឆ្នាំចុះ) និងប្រកួតលើ ៨វិញ្ញាសា ស្មើនឹង ៤៥៦ប្រកួត។
សម្រាប់ជ័យលាភីក្លឹបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយ១៩គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង ប្រាក់៦គ្រឿង និងមេដាយសំរឹទ្ធិ៦គ្រឿង ក្លឹបកីឡាវាយកូនឃ្លីលើតុស៊ីធីស្ពត ដណ្តើមបានចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយមេដាយមាស១គ្រឿង ក្លឹបកីឡាវាយកូនឃ្លីលើតុសន្ធរមុខថ្មី មេដាយ៥គ្រឿង មេដាយប្រាក់១ និង មេដាយសំរឹទ្ធិ៤គ្រឿង ក្លឹបកីឡាវាយកូនឃ្លីលើតុឌីណាមិច មេដាយ ២គ្រឿង មេដាយប្រាក់១ និងមេដាយសំរឹទ្ធិ១, ក្លឹបកីឡាវាយកូនឃ្លីលើតុ ALL Star អនុវិទ្យាល័យពោធិ៍ចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ឈ្នះមេដាយសំរឹទ្ធិ១គ្រឿងដូចៗគ្នា៕
អត្ថបទដែលជាប់ទាក់ទង