ជម្ងឺកូវិដ.១៩ នាំចូលម្នាក់ទៀតហើយ ចូរប្រុងប្រយ័ត្នឲ្យបានខ្ពស់

ភ្នំពេញ៖ ​បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល​ចេញផ្សាយ​នា​ព្រឹក​នេះ​ គិតត្រឹមម៉ោង ០៧:០០​ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី១នាក់ (ករណីនាំចូល ជនជាតិខ្មែរ រកឃើញវិជ្ជមានក្រោយធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣) និង​មិនមាន​ករណី​ជាសះស្បើយ​ទេ។​

​ចំនួន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣នាក់ ក្នុងចំណោម​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​នៅក្នុង​ប្រទេស​សរុបកើន ២៩២នាក់ ហើយចំនួនសំរាកនៅពេទ្យកើន ៩នាក់ និងគ្មានអ្នកស្លាប់ទេ ។

អ្នកជំងឺ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ មាន​ចំនួន ៩នាក់ (​បុរស​ជនជាតិខ្មែរ​ ៤នាក់ ស្ត្រីជន​ជាតិខ្មែរ ២នាក់ បុរស​ជនជាតិ​ប៉ូឡូញ ១នាក់ បុរស​ជនជាតិ​បារាំង ១នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ១នាក់​)​។​

​ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលបានធ្វើតេស្តចំនួន​ ១៨៤ ២៦៨ ស្មើនឹង​ ១១ ០៣៤ ក្នុង១លាននាក់ គួររម្លឹកថា គិតចាប់ពីការរកឃើញករណីដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក កម្ពុជាមានចំនួនអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២៩៣នាក់ហើយ ករណីភាគច្រើនបំផុត គឺជាការនាំចូល និងមិនមានករណីណាមួយរងគ្រោះដល់អាយុជីវិតនោះទេ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

អត្ថបទដែលជាប់ទាក់ទង