ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញនិងលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយឱ្យជួយលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមគ្រប់រូបភាព ដើម្បីបង្កើតបានសង្គមកម្ពុជាមួយ ប្រកប ដោយកិតិ្តយស សេចក្តីថ្លៃថ្នូរ សន្តិភាព និងសុខដុមរមនា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមប្រធាន​បទ តួនាទីអ្នកផ្សព្វផ្សាយសីលធម៌ នាថ្ងៃទី៣ វិច្ឆិកានេះ នៅទីស្តីការក្រសួង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋនិងឯកជន ដូចជាពិធីករ ពិធីការិនី ផលិតករ អ្នកនិពន្ធតាមបណ្តាញផ្សព្វផ្សាយនានា និងអ្នកធ្វើការពាក់ព័ន្ធលើការងារវប្បធម៌ ត្រូវចូលរួមចំណែកលើកស្ទួយតម្លៃនៃវប្បធម៌ ទប់ស្កាត់រាល់សកម្មភាពជាអវិជ្ជមាន ដែលប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ តាមរយៈការបន្តបង្កើតកម្មវិធីអប់រំ ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀត។


ការអំពាវនាវនេះស្របទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន ៦ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។


លោកជំទាវរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ទៀតថា ដើម្បីសម្រេចបានស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងក៏បានសម្រេចដាក់ចេញនូវប្រកាស ស្តីពី ក្រមសីលធម៌នៃអ្នក សិល្បៈ ដែលជាសំណុំវិធាន និងជាត្រីវិស័យសម្រាប់អ្នកសិល្បៈ ចូលរួមប្រើប្រាស់ឥរិយាបថ អត្តចរិត វោហារស័ព្ទ សំណេរ និង ការប្រឌិតញាណ ដើម្បីលើកកម្ពស់សីលធម៌គុណធម៌ សច្ចធម៌ និងសេចក្តីថ្លៃថ្នូរ នៃអ្នកប្រកបមុខរបរពាក់ព័ន្ធ នឹងវិស័យ សិល្បៈ វប្បធម៌ ដើម្បីឧត្តមភាពបុគ្គល សង្គម និងដើម្បីជាគំរូដ៏ល្អប្រសើរសម្រាប់ អ្នកបន្តវេនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង