លទ្ធផលការងារការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រៀបចំឡើងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) អញ្ជើញធ្វើបទបង្ហាញ ស្តីពីលទ្ធផលការងារការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។
ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពីលទ្ធផលការងារសម្រេចបាន របស់អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. រួមមាន៖ ១)បញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពឆ្នាំ ២០២០-២០៣ សម្រាប់ក្រុងកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម សួង និងក្រុងបាវិត ២)បញ្ចប់សេចក្តីព្រាងក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកម្រិតបច្ចេកទេស ៣)បញ្ចប់សេចក្តីព្រាងស្តីពីសៀវភៅមគ្គទេសន៍គ្រឿងទេសនៅកម្ពុជា ៤)រៀបចំរបាយការណ៍សមិទ្ធិផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ៥)អនុម័តរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តង និងដាក់ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និង៦)ធ្វើប្រតិភូកម្មមុខងារជូនដល់រដ្ឋបាលថ្នាក់ក្រោម។ ចំណែកឯការងារដែលបាននិងកំពុងធ្វើ រួមមាន៖ ១)អនុវត្តគម្រោងអទិភាពចំនួន២ ដោយសហការជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រនិង នវានុវត្តន៍ (CSIP) ២)រៀបចំគោលនយោបាយ ស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិ ស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយស្មើភាព និងសមធម៌ ៣)រៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាន និងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤)រៀបចំប្លង់ និងផែនការមេនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ៥)រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សាស្រាវជ្រាវនិងចងក្រងទិន្នន័យ ស្តីពីបច្ចេកវិទ្យា សមស្របសម្រាប់ការអនុវត្តនៅកម្ពុជា ៦)រៀបចំផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៧)រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង ៨)សហការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៧ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ RUA, RUPP, ITC, សាលាជាតិកសិកម្មព្រែកលាប សាកលវិទ្យាល័យសម្តេចហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យ និង៩)បាននិងកំពុងសហប្រតិបត្តិការជាមួយអង្គការដៃគូរអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បានចុះ ឬបាននិងកំពុងរៀបចំចុះ អនុស្សារណៈយោគយល់គ្នា(MoU) រវាងអគ្គលេខាធិការដ្ឋាន និងស្ថាប័នចំនួន ៥ រួមមាន៖ ១)សារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប្រទេសបារាំងលើការអភិរក្សក្រៅដែនធម្មជាតិនៅកម្ពុជា ២)អង្គការផ្តោតលើសត្វព្រៃកម្ពុជាលើការកសាងសមត្ថភាពលើការគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ៣)Korea National Arboretum ប្រទេសកូរ៉េ លើការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា ៤)សួនរុក្ខឧទ្យាន Kew ប្រទេសអង់គ្លេស លើការបង្កើត និងដំណើរការការអភិរក្សក្រៅដែនធម្មជាតិនៅកម្ពុជា និង៥)IUCN លើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងទឹក ស្បៀង ថាមពល អាកាសធាតុ និងជីវៈចម្រុះ។
នៅឆ្នាំ២០២០នេះដែរ អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះរួមមាន៖ ១)ការរៀបចំតាក់តែងគោលនយោបាយមិនទាន់បានផ្អែកទៅលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រពេញលេញ និងស្ថានភាពជាក់ស្តែង ២)ការរៀបចំផែនការរបស់នាយកដ្ឋាននីមួយៗ មិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ ដោយខ្វះទិន្នន័យ ប្រព័ន្ធតាមដាន វាយតម្លៃ ឬឧបករណ៍ ដើម្បីកំណត់វិសាលភាព និងបរិមាណ នៃវិស័យ ឬសកម្មភាពអាទិភាព ៣)វិសាលភាពការងារមានទំហំធំ តែសមត្ថភាពជំនាញកម្រិតខ្ពស់ ឬពហុជំនាញ (រួមមាន៖ជីវៈចម្រុះ ជីវៈសុវត្ថិភាព ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង វិទ្យាសាស្ត្រនិងការស្រាវជ្រាវបច្ចេកវិទ្យា) មិនទាន់សមស្របទៅនឹងតម្រូវការ ៤)ធនធាន និងមធ្យោបាយរដ្ឋសម្រាប់គាំទ្រការងារអាទិភាព មិនទាន់ឆ្លើយតបតាមតម្រូវការ ដើម្បីបន្តធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ៥)ប្រព័ន្ធគ្រប់គ្រងការងារ ការសម្របសម្រួល និងរបៀបរបបការងារនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើទំនើបកម្មស្ថាប័ន ៦)កង្វះប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ (និង៧)ការរាលដាលនៃជំងឺកូវីត១៩។សម្រាប់នៅឆ្នាំ២០២១ ឯកឧត្ដម ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញជូននូវទិសដៅការងារបន្ត របស់អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. រួមមាន៖ ១)បន្តជំរុញការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងការវិភាជន៍ថវិកាគ្រប់លំដាប់ថ្នាក់ និងបន្តកៀរគធនធាននិងបច្ចេកវិទ្យាសមស្រប ២)បន្តរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៣)បន្តអនុវត្តយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤)បន្តរៀបចំគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិស្ដីពីការប្រើប្រាស់ និងការបែងចែកផល ប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយស្មើភាព និងសមធម៌ ៥)បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ស្តីពីបច្ចេកវិទ្យាសមស្រប ៦)អនុម័តគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង ៧)បន្តសម្របសម្រួល និងរៀបចំបង្កើតប្រព័ន្ធទិន្នន័យប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតងវិទ្យសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការអភិរក្សធនធានជីវៈចម្រុះ ៧)បន្តជំរុញការអនុម័តក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៨)បន្តជំរុញកិច្ចដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខអាន ភ្នំគូលែន ការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះ និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិភ្នំពេញ ៩)បន្តជំរុញកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ១០)បន្តពង្រីក និងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវ ១១)បន្តកសាងនិងអភិវឌ្ឍធនធានមនុស្សដែលមានវិជ្ជាជីវៈកម្រិតខ្ពស់ ១២)រៀបចំប្រព័ន្ធគ្រប់គ្រង តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី និងគម្រោងជាមួយដៃគូអភិវឌ្ឍន៍៕