ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រគល់អំណោយគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួនមួយពាន់គ្រួសារ

ខេត្តបាត់ដំបង៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រគល់អំណោយគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមអ្នកម្ដាយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១ពាន់គ្រួសារ មកពីស្រុកចំនួន៣ ក្នុងខេត្តបាត់ដំបង។
ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នាឱកាសនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងភូមិ ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាយកចិត្តទុកដាក់ខ្ពស់ និងសេចក្ដីអាណិតស្រលាញ់ដ៏ជ្រាលជ្រៅជ្រៅបំផុតរវាងថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ស សុខា បានជម្រាបជូននូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបងប្អូនប្រជាពលរដ្ឋរងគ្រោះផ្សេងទៀតនៅទូទាំងប្រទេស។
ទោះបីទឹកបានស្រកចុះទៅបណ្ដើរៗទៅហើយក្ដី ក្នុងនាមសម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម ស សុខា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសារ ជាពិសេសកុមារ ចាស់ជរា និងជនមានពិការភាព ពីគ្រោះថ្នាក់ដោយសារលង់ទឹក និងត្រូវមានអនាម័យក្នុងការរស់នៅ ពិសេសត្រូវទទួលទានទឹកដាំពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន។
ឯកឧត្តមបានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវតែបង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពជាពិសេសលើការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ និងបញ្ឈប់រាល់សកម្មភាពឆ្លងដែនជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀស នូវ គ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជា គ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់។
ជាមួយគ្នានេះ ឯកឧត្តនក៏បានស្នើសុំបងប្អូនបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយសម្រាប់ប្រជាពលរដ្ឋដែលមានកូនចៅត្រៀមប្រឡងទាំងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាបឋមភូមិ សូមជួយដាស់តឿនក្រើនរលឹកឲ្យពួកគេខិតខំរៀនសូត្រ និងរំលឹកមេរៀន បន្ថែមទាំង តាមរយៈស្វ័យសិក្សា និងនៅក្នុងកម្មវិធីបំប៉ននៅរៀងរាល់ ចុងសប្តាហ៍ មុននឹងការប្រឡងចូលមកដល់នៅចុងឆ្នាំនេះ ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបានមកទទួលអំណោយគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៀតរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមអ្នកម្ដាយមនុស្សធម៌ ទាំង១ពាន់គ្រួសារនាឱកាសនោះ រួមមាន ស្រុកកំរៀងចំនួន ៤០០គ្រួសារ ស្រុកភ្នំព្រឹក ចំនួន ៣០០គ្រួសារ និងស្រុកសំពៅលូន ចំនួន ៣០០គ្រួសារ ៕
















