ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បានអញ្ជើញនាំយកនូវអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកាកន្លងទៅនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បានអញ្ជើញនាំយកនូវអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន ៤ពាន់៥០០គ្រួសារ។
ពិធីផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅទីតាំងដាច់ដោយឡែកៗពីគ្នាក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាអាណិតស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ជាពិសេសបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមួយផ្នែកមានការចូលរួមបន្ថែមពីក្រុមអ្នកម្ដាយមនុស្សធម៌ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ក្នុងនោះស្រុកកំរៀង ៤០០គ្រួសារ ស្រុកភ្នំព្រឹក៣០០គ្រួសារ, ស្រុកសំពៅលូន ៣០០គ្រួសារ ក្រុងបាត់ដំបង ៥០០គ្រួសារ ស្រុកឯកភ្នំ ២ ០០០គ្រួសារ និងស្រុកបវេល ១ ០០០គ្រួសារ។
ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមការងារ ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យមើលការជួសជុល និងសាងសង់ក្លោងទ្វារ រៀបចំប្រព័ន្ធភ្លើង បំពាក់អំពូលសឡា និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យបវេល ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងផងដែរ ៕










