រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត សមាជិកគណៈកម្មកាចំរុះថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់ពីអង្គប្រជុំ បានស្តាប់របាយការណ៍ដោះស្រាយក្នុងជំហានទី១ និងវឌ្ឍនភាពនៃការដោះស្រាយវិវាទរបស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី ១ ទទួលបានលទ្ធផលល្អ និងកំពុងបន្តចុះដោះស្រាយក្នុងជំហានទី២។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម




