ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញកាត់ខ្សែបូបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស” របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ខាសូលូសិន
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស” របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ខាសូលូសិន ដោយមានការចូលរួមពីលោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងក្រុមហ៊ុន អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍។ កត្តាទាំងនេះគឺជាចលករធ្វើឱ្យចំនួនយានយន្តមានការកើនឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះឡាន និងម៉ូតូមានចំនួន ៥,៨លានគ្រឿង (ក្នុងនោះ ជាង ៩សែន គ្រឿងជារថយន្ត) ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាការបើកមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស”របស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ខាសូលូសិន គឺជាការបោះជំហានដ៏ធំមួយចូលទៅក្នុងយុទ្ធនាការកែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍បង្ខិតសេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋ និងផ្ដល់សេវានេះឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តជំរុញលើកទឹកចិត្តឱ្យពង្រីកសាខារបស់ខ្លួននៅគ្រប់ទាំង២៥ រាជធានី-ខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវានេះកាន់តែងាយស្រួល និងក៏ជាយន្តការមួយក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយកត្តាយានយន្ត។
ទាក់ទងនឹងការទប់ស្កាត់និងកាត់គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលបានខិតខំសាងសង់ ពង្រីក លើកកម្ពស់គុណភាព និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយបាននិងកំពុងបន្តបំពាក់បរិក្ខារផ្លូវថ្នល់ដូចជា ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា និងចំណាំងផ្លាត ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពជាដើម ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតបារាំងដែលបានផ្ដួចផ្ដើមគំនិតឱ្យមានការបើកមជ្ឈមណ្ឌលនេះឡើង ព្រមទាំងជំរុញឱ្យក្រុមហ៊ុននេះបន្តបើកសាខារបស់ខ្លួនឱ្យគ្រប់២៥ រាជធានី-ខេត្ត៕