មិនមានអ្នកជាសះស្បេីយទេថ្ងៃនេះ​ ហើយក៏មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីដែរ

ភ្នំពេញ៖ ការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ ត្រឹមថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានចំនួន​ ២១២នាក់​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ទាំងអស់​ បេីសរុបទាំងពីរថ្ងៃ​ (ថ្ងៃទី០៤​ និងទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០)​ អ្នកប៉ះពាល់សរុប មានចំនួន​ ៨៤០នាក់​ ដែលបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ អវិជ្ជមានទាំងអស់ ។
រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី០៦ វិច្ឆិកា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ​ទេ​ ដូច្នេះចំនួនសរុប ២៩២នាក់​​​​ ដដែល​ ចំនួនសំរាកនៅពេទ្យ​នៅសល់ ៦នាក់​​ ចំនួនជាសះស្បេីយសរុបចំនួន ២៨៦នាក់​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ 191564 ស្មេីនឹង​ 11470 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង