សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។
សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់លម្អិតជូនអង្គសិក្ខាសាលាជាតិ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, វិមជ្ឈការហិរញ្ញវត្ថុ, ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយលែកបញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយនោះរួមមាន បញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរមុខងារ, បញ្ហាពាក់ព័ន្ធនឹងការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៖ , បញ្ហាពាក់ព័ន្ធនឹងភាពជាដៃគូជាមួយសង្គមស៊ីវិល និងផ្នែកឯកជន, បញ្ហាពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៖
សម្ដេចបានសង្កត់ធ្ងន់ថាដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់ ពោលគឺ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងភាពត្រួតស៊ីគ្នានៃ ការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ។
សម្បីសម្រេចការងារនេះ សម្ដេចបានមានប្រសាសន៍ថា គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយបានប្រើប្រាស់ពេលវេលាជាង៦ខែ ដើម្បីសិក្សារៀបចំឯកសារទស្សនទាននេះ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។
ដើម្បីឱ្យឯកសារទស្សនទាននេះ ទទួលបាននូវធាតុចូលបន្ថែមទៀត សម្ដេចក្រឡាហោមបានផ្ដល់ចក្ខុវិស័យគន្លឹះសំខាន់ជូនអង្គសិក្ខាសាលាពិចារណា ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសាធារណៈនៅថ្នាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់, ការរៀបចំធនធាន និងកិច្ចការពាក់ព័ន្ធចាំបាច់នានា៖, អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការអន្តរវិស័យ។ សម្ដេចសង្ឃឹមថាសិក្ខាសាលាជាតិនាថ្ងៃនេះនឹងទទួលបាននូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើនបន្ថែមទៀតសម្រាប់ការកំណត់ចក្ខុវិស័យ និងកិច្ចការជាអាទិភាពនានា នៃកម្មវិធីជាតិដំណាក់កាលទី២ ឱ្យកាន់តែមានភាពជាក់លាក់ ច្បាស់លាស់ និងអាចសម្រេចបាននៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។
ពីវេទិការអធិបតីនៃសិក្ខាសាលានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានបន្តមានប្រសាសន៍ក្រើនរំលឹកដល់ប្រធានស្ថាប័ន ជាពិសេសរដ្ឋបាលថ្នា់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សូមតាមដាន និងក្ដាប់ព័ត៌មានឱ្យបានជាប់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយដោះស្រាយបញ្ហាទាំងនោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចក៏បានកោតសរសើររដ្ឋបាលថ្នាក់ក្រោមជាតិដែលមានភាពម្ចាស់ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាត់វិធានការ និងកៀរគរការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់យ៉ាងទាន់ពេលវេលា ស្របទៅតាមស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ។
មុននឹងបញ្ចប់ សម្ដេចក៏បានមានប្រសាសន៍ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី និងអ្នកពាក់ព័ន្ធផ្សេងទៀតជាមួយនឹងឯឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីទើបតែបញ្ចប់ទស្សនកិច្ចនៅកម្ពុជា សូមមានសុខភាពល្អ និងចៀសផុតពីជំងឺដ៏កាចសាវហានេះ។ សម្ដេចក៏បានថ្លែងអំពាវនាវជាថ្មីទៀតដល់បងប្អូនប្រជាពលរដ្ឋសូមបន្តប្រកាន់ខ្ជាប់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍ ៕











