អង្គរក្សម្នាក់ជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ធ្វើទស្សនកិច្ច បានឆ្លងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់​យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវ កាលពីព្រលប់​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា សម្តេចបានទទួលដំណឹងដ៏គួរឱ្យសោកស្តាយមួយថា មាន​អង្គរក្ស​ម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា បានឆ្លងមេរោគកូវីដ១៩។ សម្តេចបានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលធ្វើតេស្តរបស់អង្គរក្សរូបនោះ បានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ១៩។

អង្គរក្សម្នាក់នោះ មានអាយុ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាន​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤អង្សារសេ រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួម​ដំណើរជាមួយ​គណៈប្រតិភូ ពេលនេះគាត់កំពុងធ្វើចត្តាទ្បីស័ក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និងជាគ្រោះធំមួយ។ សម្តេចបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ឱ្យ​យក​ចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ​ជាពិសេស​ក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់​រួមគ្នាជម្នះនូវ​ឧបស័គ​នេះ ហើយត្រូវរក្សាអនាម័យ ក៏ដូចជាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជា​មួយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងឱ្យបានសមរម្យដើម្បីធ្វើ​ចត្តាឡីស័កដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយការចំណាយ​ទាំងអស់​រាជរដ្ឋាភិបាលជាអ្នករាប់រង៕

អត្ថបទដែលជាប់ទាក់ទង