របាយការណ៍អំពីជម្ងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៧.៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី១២ វិច្ឆិកា ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង ហៅកាត់ថា (CDC) នៃក្រសួងសុខាភិបាលយើង ពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុប ៣០១នាក់ដដែល ចំនួនសំរាកនៅពេទ្យ ១៣នាក់ ជាសះស្បើយគ្មាន ចំនួនអ្នកជាសះស្បើយសរុបចំនួន ២៨៨នាក់ និងស្លាប់គ្មាន ។
ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ០៣វិច្ឆិកា គិតចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ ចំនួនអ្នកធ្វើតេស្តសរុបដែលបានវិភាគ ២៤៩៧វត្ថុសំណាក ក្នុងនោះអ្នកបានធ្វើតេស្តលើកទី១ ចំនួន ១៦៨០នាក់ និងលើកទី២ បានចំនួន ៨១៧នាក់ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញពីអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួនតែ ៤នាក់ប៉ុណ្ណោះមកដល់ថ្ងៃនេះ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យើងបានធ្វើតេស្តចំនួន ២០៣២៥៦ ស្មើនឹង ១២១៧១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕