ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងប្រារព្ធព្រះរាជពិធីពន្លត់ទៀនជ័យ អបអរសាទរបុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើត នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងប្រារព្ធព្រះរាជពិធីពន្លត់ទៀនជ័យ អបអរសាទរបុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើត នៃកងយោធពលខេមរភូមិន្ទ។

ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីពន្លត់ទៀនជ័យនេះ មានការអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ព្រះរាជបូនីយកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។

ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គម​រាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាស៊ីអាគ្នេយ៍ ។

កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា ។

ឯករាជ្យ​ជាតិ​ គឺ​ជា​កេតនភណ្ឌដ៏​ឧត្តុង្គ​ឧត្តម​បំផុត​សម្រាប់​ជាតិ​មាតុភូមិ​ ហើយក្នុង​ជីវភាព​ប្រទេស​ជាតិ​មួយ​ គ្មាន​អ្វី​សំខាន់​ជាង​ ឯករាជ្យ​ជាតិ ​នោះទេ ។

ព្រះរាជពិធីពន្លត់ទៀនជ័យបុណ្យឯករាជ្យជាតិក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នាឱកាសនេះបានប្រារព្ធឡើងយ៉ាងមហោឡារិក បន្ទាប់ព្រះអង្គស្ដេចបានយាងដុត កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង