ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាំស្រូវពូជ និងថវិការបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋចំនួន ៣ ២០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម មានទឹកមុខញញឹមរីករាយ ដោយបានទទួលអំណោយជាស្រូវពូជ និងថវិកាមួយចំនួនពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស​​ឲ្យពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភពូជស្រូវ ដល់ប្រជាកសិករដែលរងការខូចខាតនាពេលនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋ សូមសម្តែងនូវគារវកិច្ចដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះការផ្តល់កិត្តិយសដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកពូជស្រូវ មកចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងចំនួន ៣ ២០០គ្រួសារ ក្នុងខេត្តកំពង់ចាម ក្នុងនោះស្រុកស្ទឹងត្រង់ ១ ៣៣៦គ្រួសារ ស្រុកកំពង់សៀម ៣១៨គ្រួសារ ស្រុកព្រៃឈរ ២៩៩គ្រួសារ ស្រុកជើងព្រៃ ៦៣៣គ្រួសារ និងស្រុកបាធាយ ចំនួន ៦១៤គ្រួសារ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងប៉ះពាល់ដល់ ៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះលិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំប្រមាណ ២៣,១៥គីឡូម៉ែត្រ និងខូចខាតប្រវែង ១ ៤៣២ម៉ែត្រ លិចដំណាំស្រូវ ចំនួន ២ ៩០៤​ហិកតា ស្មើនឹង ៣ ៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១ ៩៦៧ហិកតា គឺស្មើនឹងចំនួន ៣ ២០០គ្រួសារ។

ទន្ទឹមនឹងនេះដែរ វិធានការចាំបាច់មួយចំនួនត្រូវបានដាក់ឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញចុះអន្តរាគមន៍ ដើម្បីយកគ្រឿងចក្រចុះកាយបើកមុខទឹកភ្លៀង រំដោះទឹកភ្លៀង មិនឱ្យជន់លិចដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្លូវគមនាគមន៍បានទាន់ពេលវេលា ពិសេសបានជួយសង្គ្រោះផ្លូវជាតិ៧ ដែលរងការជន់លិច មិនឱ្យខូចខាតធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង