ឯកឧត្តម ចាន់ អ៊ាន អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ២៨៦គ្រួសារ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃព្នៅ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង សរុប២៨៦គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ប្រគេនដល់វត្តមុនីមានជ័យ ហៅវត្តសាមគ្គី ក្នុងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង នូវថវិកាមួយចំនួន និងស៊ីម៉ង់ចំនួន ៥០តោនសំរាប់កសាងក្នុងបរិវេណវត្តផងដែរ៕



