ក្រុមអ្នករត់តាក់ស៊ីខេត្តក្រចេះ រួមគ្នាផ្ដិតមេដៃដាក់បណ្ដឹងទៅសាលាខេត្ត ក្រោយម្ចាស់បេនឡានតម្លើងថ្លៃ
ខេត្តក្រចេះ៖ ក្រុមអ្នករត់តាក់ស៊ីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានរួមគ្នាដាក់បណ្ដឹងទៅអាជ្ញាធរខេត្តក្រចេះ ឲ្យជួយអន្តរាគមន៍រឿងម្ចាស់បេនឡានឡើងថ្លៃ ធ្វើឲ្យពួកគាត់គ្មានលទ្ធភាពបង់។
យោងតាមបណ្ដឹង ពួកគាត់បានបញ្ជាក់ថា ពួកគាត់តវ៉ាតម្លៃភាស៊ីចំណតរថយន្ដដែលបានឡើងថ្លៃពី១ម៉ឺនរៀល ដែលពួកគាត់ធ្លាប់បង់កន្លងមក តែឥឡូវតម្លើងដល់ ១៥០០០រៀល ចំពោះប្រភេទរថយន្ដតូច ការតម្លើងថ្លៃបែបនេះ ពួកគាត់ពុំលទ្ធភាពបង់ទេ ពួកគាត់សូមសំណុំដល់អាជ្ញាធរខេត្តជួយសម្រួលឲ្យតម្លៃនៅត្រឹម ១០០០០រៀលដដែល។
ពួកគាត់បានបញ្ជាក់ទៀតថា នាពេលកន្លែងមក ពួកគាត់ធ្លាប់បានទៅសម្របសម្រួលគ្នា នៅសាលាក្រុងក្រចេះម្ដងរួចហើយ តែមិនត្រូវគ្នា ហើយគាត់ក៏លើកឡើងរឿងនេះ ក្នុងកម្មវិធីវេតកាសាធារណៈ ហើយលោកប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសម្របសម្រួលគ្នា ដោយប្រគល់ភារកិច្ចឲ្យអភិបាលក្រុងជាអ្នកសម្របសម្រួល។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើអាជ្ញាធរខេត្តនៅពេលនេះ នឹងធ្វើការដោះស្រាយជូនដោយរបៀបណានោះឡើយ៕