អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រ ប្រាសាទជើងអង ជាទីប្រារព្ធពិធីឧទ្ទិសដល់ព្រាហ្មណ៍សាសនា

ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អភិបាលរងខេត្តត្បូងឃ្មុំរួមមាន ឯកឧត្តម គន់ សុភា, លោកជំទាវ នី ចាន់ធីតា និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពនៃប្រាសាទជើងអង ដែលមានទីតាំងស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសង់ឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ សតវត្សទី១០ ចន្លោះឆ្នាំ៩២១ ដល់៩៤២ មានលក្ខណៈសិល្បៈក្នុងរចនាបថកោះកេរ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសនា ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់សហការគ្នាការពារតំបន់ប្រវត្តិសាស្ត្រនេះ ឲ្យបានគង់វង្សល្អប្រសើរ និងដាក់ទិសដៅដល់មន្ទីរជំនាញ ធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិ និងចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលគ្រប់គ្រងនិងការពារ ព្រមទាំងត្រូវរៀបចំផែនការមេឲ្យបានច្បាស់លាស់ ដើម្បីអភិរក្សនិងអភិវឌ្ឍន៍តំបន់នេះ ឲ្យក្លាយជាមូលដ្ឋានទេសចរណ៍ដ៏ទាក់ទាញបន្ថែម ទៅលើមូលដ្ឋានទេសចរណ៍ ដែលមានស្រាប់ក្នុងខេត្ត។
ឯកឧត្តម គន់ សុភា ក៍បានជំរុញដល់អាជ្ញាធរឃុំ ស្រុក និងមន្ទីរវប្បធម៌ខេត្ត ដែលជាអ្នកថែរក្សាការពារប្រាសាទបុរាណប្រវត្តិសាស្រ្តនៅក្នុងខេត្ត សូមជួយថែរក្សាប្រាសាទជើងអង ឲ្យបានគង់វង្សយូរអង្វែង ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាស្វែងយល់ អំពីស្នាដៃដូនតាខ្មែរយើង ពិសេសជួយកែលម្អសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា និងសិក្សាស្វែងយក់តំបន់ប្រវត្តិសាស្ត្រ ដែលមានក្នុងទឹកដីខេត្តកូនពៅមួយនេះ៕ អរគុណសន្តិភាព


