អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២១គ្រួសារ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកចន្ទ្រា ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២១គ្រួសារ មកពីឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកចន្ទ្រា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាកសិករដែលអញ្ជើញមកទទួលពូជស្រូវនៅថ្ងៃនេះ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្តសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា។ ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈតាមរយៈឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកចន្ទ្រា ដែលឯកឧត្តមបាននាំយកនូវពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋទាំង ១២១គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានពូជស្រូវ ១០០គីឡូក្រាម និងថវិកាមួយចំនួន៕ ប្រភព៖ រដ្ឋបាលខេត្ត


