ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២បញ្ចប់កម្មវិធីសិក្សា នៅក្នុងខែវិច្ឆិកានេះ ដើម្បីត្រៀមចូលរួមប្រឡង

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលារៀននៅទូទាំងប្រទេស ប៉ុន្តែក្រសួងអប់រំ បានឱ្យគ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។ ដោយឡែកចំពោះសិស្សានុសិស្ស និងបេក្ខជនប្រឡងត្រូវបន្តរៀនសូត្រតាមបែបចម្រុះគឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោល ជាពិសេសបន្តអនុវត្តនូវវិធានការសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិ  នៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តម សុវាចា បានបញ្ជាក់ថា ក្រសួងបានកំណត់ឱ្យសិស្សថ្នាក់ទី៩បញ្ចប់កម្មវិធីសិក្សាមួយសប្តាហ៍មុនថ្ងៃប្រឡង ឯសិស្សថ្នាក់ទី១២ នឹងត្រូវបញ្ចប់កម្មវិធីសិក្សា នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០នេះផងដែរ ។

ជាទូទៅ សិស្សថ្នាក់ទី៩ បញ្ចប់កម្មវិធីសិក្សាមួយសប្តាហ៍មុនថ្ងៃប្រឡង ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្ដល់អាទិភាពទៅតាមសាលារៀននីមួយៗរៀបចំតាមជាក់ស្តែង។ ចំពោះសិស្សថ្នាក់ទី១២ ត្រូវបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីប្រឡងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំក៏នៅតែផ្តល់និទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជន ដូចឆ្នាំមុនដែរ។

ការធ្វើបែបនេះ ដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង