ប្រជាពលរដ្ឋក្នុងតំបន់បឹងទន្លេសាប ចេះប្រមូលទុកដាក់សំរាមបានត្រឹមត្រូវ នឹងទទួលបានរង្វាន់លើកទឹកចិត្ត

ខេត្តសៀមរាប៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី បើកយុទ្ធនាការប្រមូលយកសំរាមប្លាស្ទិករដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០២០នេះ ដោយមានប្រជាសហគមន៍ចូលរួមសរុបជិត ៥ ០០០នាក់ នៅតាមសហគមន៍ចំនួនប្រាំដែលនៅជាប់មាត់បឹងទន្លេសាប និងដងស្ទឹងសៀមរាបផ្នែកខាងក្រោម ដែលកម្មវិធីនេះបានរៀបចំរយៈពេលមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី២២ ដល់ ២៨ វិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសប្រារព្ធទិវា អនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ(អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ)ស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស៊ា សុផល ស្ថាបនិកគម្រោងប្លាស្ទិកបឹងទន្លេសាប និងជាប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីបានថ្លែងថា យុទ្ធនាការនៃទិវាបុណ្យបរិស្ថានរដូវទឹកសម្រកនេះ ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន នឹងធ្វើឡើងតាមបណ្ដាសហគមន៍ជាប់បឹងទន្លេសាប ចាប់ពីតំបន់ឃុំកំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នៀស ស្ទឹងសៀមរាប និងសហគមន៍មេជ្រៃ។ ការប្រារព្ធទិវានេះ ដើម្បីផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ ផ្តោតសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិកប៉ុណ្ណោះ ដោយប្លាស្ទិក គឺជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ និងបរិស្ថាន។


លោកបន្តថា ស្ថិតក្នុងគម្រោងខាងលើបើសិនប្រជាពលរដ្ឋចេះបែងចែកញែកសំរាមបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារឬការចូលរួមរើសសំរាមតាមទីសាធារណៈមកវេចខ្ចប់បានល្អនោះ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ និងថវិកាជាដើម។


“យើងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅបឹងទន្លេសាប ដែលមានជីវភាពក្រីក្រ ឱ្យគាត់ញែកទុកដាក់សំរាមត្រឹមត្រូវ ក្នុងនោះយើងមានឱ្យពីរការ៉ុង ការ៉ុងមួយហៅថា ការ៉ុងថ្មីដែលយើងបោះពុម្ពឱ្យគាត់ទុកដាក់សំរាម ដែលប្រើប្រាស់ប្រចាំថ្ងៃ ទីពីរសម្រាប់ដាក់សំរាមប្លាស្ទិកក្នុងទីសាធារណៈ គឺសំរាមអណ្តែតមិនមែនរបស់គាត់ បើគាត់ដាក់បានត្រឹមត្រូវ មានក្រុមការងារយុវជនកំពង់ឃ្លាំង ចុះទៅផ្ទៀងផ្ទាត់ឃើញថាត្រឹមត្រូវ ១០០ភាគរយ គាត់បានអង្ករ៥គីឡូក្រាម ទីពីរបើគាត់បានប្រមូលសំរាមបរិស្ថានដែលអណ្តែតតាមទន្លេសាបដាក់ក្នុងការ៉ុងដែរ គាត់និងបានអង្ករ ៥គីឡូបន្ថែម ទីបី បើគាត់ចេះកែច្នៃ ស្បៃមងចាស់ៗទុកលក់បានត្រឹមត្រូវបានថវិកា១ម៉ីនរៀលទៀត ហើយបើគ្រួសារណាចេះច្នៃប្លាស្ទិកជាគ្រឿងបណ្តែតដាំដំណាំគ្រឿងទេស បានថវិកាបន្ថែមទៀត យើងចង់ជួយជីវភាពសហគមន៍។ ”


ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ចំពោះការចេះបណ្តុះគំនិតឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន និងចេះញែកសំរាមឱ្យបានត្រឹមត្រូវ ហើយយកទៅកែច្នៃជារបស់ប្រើប្រាស់បាន ដូចជាការយកសំណល់ប្លាស្ទិកដែលប្រមូលពីប្រជាពលរដ្ឋទៅធ្វើជាឥដ្ឋបរិស្ថានជាដើម។


“ការបណ្តុះគំនិតឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានចេះញែកសំរាមទៅតាមប្រភេទសំរាម យល់ដឹងពីបរិស្ថាន ការរក្សាទុកសំរាមដោយមិនបោះចោល និងមិនដុតចោល ហើយមានការលើកទឹកចិត្តទៀតដល់ពួកគាត់ បានជាអង្ករបានជាគ្រឿងឧបទេ្ទសទៀត នេះជាផលចំណេញើទាំងអស់គ្នា ការចំណេញនេះប្រជាពលរដ្ឋបានចំណេះដឹងគម្រោងគាត់ក៏បានយកមកប្រើប្រាស់។ ”


គួរជម្រាបផងដែរថា រយៈពេល៣ឆ្នាំមកហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី តែងតែធ្វើយុទ្ធនាការ ប្រមូលយកសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកសម្រក និងរដូវទឹកឡើងបឹងទន្លេសាប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់ក្នុងអំឡុងខែ វិច្ឆិកា នៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមស្រក និងក្នុងអំឡុង ខែមិថុនានៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមឡើងហូរចូលមកវិញ ដែលមានប្រជា​សហគមន៍ចូលរួមម្ដងៗរាប់ពាន់នាក់ ក្នុងគោលបំណងចូលរួមអភិរក្សជីវចម្រុះបឹងទន្លេសាបយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង