គ្រាន់តែថ្ងៃទី២២ ខែវិច្ឆិកា មានយានយន្ត ៨៤៦គ្រឿង ត្រូវបានត្រួតពិនិត្យនិងផាកពិន័យ
ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជាបានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៨៤៦គ្រឿង ក្នុងនោះមានម៉ូតូ ៦៥៧គ្រឿង និងរថយន្ត ១៨៩គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថា រយៈពេល ២០៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២២១ ៨០១គ្រឿង ក្នុងនោះមានម៉ូតូ ១៦៣ ៣៨៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៧ ៩៥៣គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក បើកបរល្មើសសញ្ញា បត់ជែង អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង អត់បណ្ណបើកបរ ស្រវឹង អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២០៦ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។
លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះស្លាប់ ៦នាក់ របួស ២៣នាក់ (របួសធ្ងន់ ១៣នាក់)។
ដោយឡែក រយៈពេល ២០៦ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ៧០១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៨៥៧នាក់ របួស ២ ៥៨៦នាក់ (របួសធ្ងន់ ១ ៥៥៨នាក់)៕by fn