ប្រទេសមានសុខសន្តិភាព ឱកាសមាសសម្រាប់កងទ័ព គឺខិតខំហ្វឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពជំនាញ យុទ្ធវិធីឱ្យបានស្ទាត់ជំនាញ
ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការស្តីទីយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពស្ថិរភាព នយោបាយ ជាឱកាសមាសសម្រាប់កងទ័ព គឺត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុង ការខិតខំហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពជំនាញ ដើម្បីធានាដល់កិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ បូរណភាពទឹកដីបានរឹងមាំ។
ការថ្លែងដូច្នេះរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធសិក្ខាកាមសរុបចំនួន ១៥០នាក់ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ៣វគ្គ ដែលមានសិក្ខា កាមសរុបចំនួន ៤៥០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣, ៥១៤ និងអង្គភាព ចំណុះទីបញ្ជាការកងពលដែលបានធ្វើឡើងកាលពីថ្ងៃ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិត របស់កងពលតូច ថ្មើរជើងលេខ ៥១។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានកោតសរសើរចពោះ ថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍តាម ផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើកវគ្គហ្វឹកហ្វឺន តាមផែនការចំនួន ៦វគ្គ ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។
មេបញ្ជាការស្តីទីយោធភូមិភាគទី៥រូបនេះ ឱ្យដឹងទៀតថា ស្ថិតនៅក្នុងផែនការកំណែ ទម្រង់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងទ័ពជើងគោក ឱកាសសម្រាប់នាយ-ពលទា ហានវ័យក្មេង ត្រូវខិតខំហ្វឹកហ្វឺន រៀនសូត្រ បំប៉នពង្រឹងជំនាញ និងបញ្ចេញសមត្ថភាពព្រោះ ថា ការតែងតាំង ឬដំឡើងឋានន្តរសិក្ក័ធ្វើឡើងដោយសមត្ថភាពពិតប្រាកដ គ្មានបក្ខពួក គ្មាន ការសូកប៉ាន់ណាមួយឡើយ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណ ចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កង ទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយ ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ ការងារមនុស្សធម៌ ផ្សេងៗទៀតយ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាង កងទ័ព និងប្រជាជន។ ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច ជាពិសេសបំផុតនោះ ក្នុងអំឡុងពេលទឹកជំនន់ អង្គភាពនេះបានខិតខំរហូតទទួលបានការ កោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ៕