Detail Top Banner

ពេលខាងមុខនេះ ប្រទេសកម្ពុជាត្រៀមដាក់បញ្ជូលកីឡាជាង ៣០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម លើកទី៣១ ឆ្នាំ២០២១

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រៀមដាក់បញ្ជូលកីឡាជាង ៣០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម លើកទី៣១ ឆ្នាំ២០២១ ខាងមុខនេះ ដោយមានកីឡា ៤០ប្រភេទ ដែលត្រូវប្រកួត ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា មកដល់ពេលនេះ វៀតណាមបានជ្រើសរើសកីឡាប្រហែល ៤០ប្រភេទ ដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ក្នុងប្រភេទកីឡាទាំងនោះ កម្ពុជាបានជ្រើសរើសកីឡាប្រហែលពី២០ ទៅ ៣០​ប្រភេទ ដែលសុទ្ធសឹងជាកីឡាដែលមាន សក្ដានុពល ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិមាតុភូមិ ។ឯកឧត្តម បានបន្តថា សម្រាប់ការប្រកួតខាងមុខនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កំពុងរៀបចំយុទ្ធសាស្រ្តក្នុងការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានជោគជ័យ ។ ឯកឧត្តមបានបញ្ជាក់ថា នៅដើមឆ្នាំឬពាក់កណ្តាល ឆ្នាំ២០២១ កម្ពុជាក៏ត្រៀមបញ្ជូនកីឡាករ កីឡាការិនី កម្ពុជាជាង ១០០នាក់ ទៅហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេសនៅ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នេះផងដែរ។
«យើងត្រៀមកីឡាករច្រើនប្រភេទ ពិសេសកីឡាដែលគេមានដាក់ ៤០ប្រភេទ ដែលវៀតណាមដាក់ក្នុងការប្រកួតរួច ហើយនៅចុងឆ្នាំ២០២១ ។ ក្នុងកម្មវិធីនោះ ប្រភេទកីឡាមួយចំនួនធំយើងមានក្នុងការប្រកួតហ្នឹងដែរ មិនមានទាំង ៤០ទេ ប៉ុន្តែយើងមានជាង២០ ទៅ ៣០ប្រភេទកីឡាដែរ ដែលយើងត្រៀមដាក់ចូលប្រកួត ប៉ុន្តែយើងអត់ទាន់កំណត់ និងជ្រើសរើសនៅឡើយទេ ដោយវៀតណាម បានរៀបចំប្រភេទកីឡា គេក៏ពុំទាន់ ហៅថាការកំណត់ចុងក្រោយចំនួនប្រភេទកីឡា ទាំងអស់នោះទេ នឹងប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ។ ក្រោយពីកិច្ចប្រជុំរួចវៀតណាមបានប្រាប់ថា ជាព័ត៌មានបឋម ដែលគេប្រាប់ឱ្យយើងថាមានកីឡា៤០ ដែលគេត្រៀម អ៊ីចឹងគេចាំថយ ឬថែមប្រភេទកីឡាមួយចំនួនទៀត ដែលជាសំណូមពរ របស់ប្រទេសជាសមាជិក » ។
ឯកឧត្តមបញ្ជាក់ថា សម្រាប់កម្ពុជាគឺមានប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ ដែលមាន ដូចជា តេក្វាន់ដូ ប៉េតង់ ជឺជិតស៊ូ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់ ជាដើម ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ៕ by AKP

អត្ថបទដែលជាប់ទាក់ទង