ឯកអគ្គរាជទូតម៉ាឡេស៊ី ផ្ដល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន ២៥ ០០០ដុល្លារ ដើម្បីចូលរួមស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រោះទឹកជំនន់នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជាបានផ្ដល់នូវអំណោយជាមូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន ២៥ ០០០ ដុល្លារអាម៉េរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកនោះ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម ហ៊ុន សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក និងជាអ្នកនាំពាក្យក្រសួងការបរទេស បន្ទាប់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នេះគឺជាការ បង្ហាញនូវកាយវិការសាមគ្គីភាព រវាងប្រទេសទាងពីរនៅក្នុងឋានៈជាប្រទេសសមាជិក អាស៊ានដូចគ្នា ក៏ដូចជាកាយវិការដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីថា បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីត១៩ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានជួយប្រទេសជាមិត្តក្នុងអាស៊ានផងដែរ រួម មានប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់នូវម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ហើយនៅថ្ងៃអាទិត្យទី២៩ខែវិច្ឆិកា ខាងមុខរាជរដ្ឋាភិបាលកម្ពុជា និងនាំយកជំនួយនៃចំនួន ៥០ភាគរយ នៃការផ្តល់ឱ្យប្រទេសឡាវ និង មីយ៉ាន់ម៉ា កន្លងមក ទៅឱ្យប្រទេសទីម័រខាងកើត ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសនោះ។
ឯកឧត្ដម Eldeen Husaini Mohd Hashim បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន វិញផងដែរថា ក្នុងឆ្នាំ២០២១នេះ មានក្រុមហ៊ុនវិនិយោគធំៗ នៃប្រទេសម៉ាឡេស៊ីចំនួន ៣ក្រុមហ៊ុន ដែលមានបំណងមកវិនិយោគទុននៅកម្ពុជា រួមមាន ក្រុមហ៊ុន វិនិយោគគ្រឿងបន្លាស់រថយន្ត ក្រុមហ៊ុនវិនិយោគវិស័យថាមពលប្រេងកាត និងដែលមានជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះផងដែរទំហំទឹកប្រាក់វិនិយោគរបស់ម៉ាឡេស៊ី នៅកម្ពុជា មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានចូលរួមជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែធំបន្ថែមទៀតនាពេលអនាគត។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីផងដែរ នូវគោលបំណងរបស់ម៉ាឡេស៊ី ដែលនឹងផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខ។
ជាការឆ្លើយតបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលផ្តល់ជំនួយមកកម្ពុជា ដើម្បីរៀបចំប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ នៅក្នុងជំនួបនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីម៉ាឡេស៊ី នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំរុះទ្វេភាគី (កម្ពុជា-ម៉ាឡេស៊ី) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រលើកទី៣ នៅម៉ាឡេស៊ីក្នុងឆ្នាំ២០២១ខាងមុខ ដើម្បីភាគីទាំងពីរប្រើប្រាស់យន្តការនេះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិ ការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ដើម្បីផលប្រយោជន៍ ប្រជាជន នៃប្រទេសទាងពីរ ជាពិសេសក្រោយវិបត្តិជំងឺកូវីដ១៩បានធូរស្រាល៕ by AKP អរគុណសន្តិភាព