ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកទឹកចិត្តប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ចុះបញ្ជីពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ និងចុះបញ្ជីម៉ាក ពាណិជ្ជនាម ដើម្បីការពារផលប្រយោជន៍ម្ចាស់ស្ថាប័ន និងចៀសវាងមានឈ្មោះជាន់គ្នា។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅក្រសួងព័ត៌មាន ដោយ ឯកឧត្តម អ្នកនាំពាក្យព័ត៌មានបាន បញ្ជាក់ថា ថ្មីៗនេះ មានប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន តម្រូវឱ្យម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ទទួលបានសិទ្ធិក្នុងការផ្សព្វផ្សាយពីក្រសួងព័ត៌មានហើយ បន្តចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទៀត។
ចំពោះ ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ ឯកឧត្តម អ្នកនាំពាក្យបានបញ្ជាក់ថា នឹងធានាអត្តសញ្ញាណនៃអង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័នព័ត៌មាន និងសោតទស្សន៍ដទៃទៀតដែលបានច្បាប់អនុញ្ញាតរួចហើយ។
ម្យ៉ាងទៀត ការចុះបញ្ជីតាមបទដ្ឋានគតិយុត្តនេះ នឹងការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។ លើសពីនេះទៅទៀត បទដ្ឋានគតិយុត្តនេះ នឹងមិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាក និងពាណិជ្ជនាម ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិ និងម៉ាកដែលមិនអាចចុះបញ្ជីបាន ដូចមានកំណត់ក្នុងច្បាប់ជាធរមាន៕