រដ្ឋបាលខេត្តនិងមន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា នេះជាលើទី ២៦ហើយ ក្នុងការរៀបចំឲ្យមានទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកានេះឡើង ក្នុងគោលបំណងដើម្បីបំផុសចលនាអប់រំប្រជាពលរដ្ឋព្រះសង្ឃកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សនិស្សិត ទាំងអស់នាំគ្នាចូលរួមធ្វើអនាម័យនិងបរិស្ថានសន្តិភាពទីក្រុងទីប្រជុំជនជនបទ ភូមិឋានវត្តអារាមសាលារៀនសំដៅរួមចំណែកកសាងសង្គមកម្ពុជាយើងបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។

ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបន្តថា ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ធ្វើឡើងនៅក្នុងបរិវេណសាលាវិទ្យាល័យព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួម ពីអជ្ញាធរស្រុកមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យព្រែកស្លែង និងបងប្អូនប្រជាពលរដ្ឋជាច្រើននាកផងដែរ។

ក្នុងទិវានេះ ឯកឧត្តមបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគប្បីងាកមកប្រើប្រាស់កញ្ចប់ ឬប្រអប់ធ្វើអំពីកែវ សម្ភារៈប្រើប្រាស់ធ្វើអំពីអ៊ីណុកអាលុយមីញ៉ូម ចានថ្ម ប្រើប្រាស់ស្លឹកចេក ស្លឹកឈូក កន្ត្រកថង់ក្រណាត់ ឬថង់បរិស្ថាន ជំនួយ ថង់ប្លាស្ទិក កែវជ័រ ប្រអប់ជ័រ ឬចានស្នោជាដើមវិញ ព្រោះ បច្ចុប្បន្ននេះ សារធាតុប្លាស្ទិក បានក្លាយជាកាកសំណល់ដែលមានបរិមាណយ៉ាងច្រើន ហើយកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភដោយសារសារធាតុប្លាស្ទិកគឺវាមិនងាយរលាយ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព សោភ័ណភាពទីក្រុង និងទីប្រជុំជននានាដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងទុកដាក់ឲ្យបានត្រឹមត្រូវ។

បន្ថែមពីលើនេះ ឯកឧត្តមក៍បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួម ដាំដើមឈើ និងឈើហូបផ្លែនៅតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានផលផងដែរ ដើម្បីឲ្យក្លាយជាបរិស្ថានល្អជុំវិញខ្លួនយើង ហើយក៍ឲ្យកាន់តែស្អាតថែមទៀត និងមានសោភ័ណភាព និងភាពបៃតង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបាន ជំរុញដល់អាជ្ញាធរស្រុក ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាស រមណីយដ្ឋាន មណ្ឌលកំសាន្ត និងតាមលំនៅដ្ឋាននានា ត្រូវធ្វើអនាម័យនិងប្រមូលសំរាមឱ្យបានស្អាត ធ្វើការបែងចែកទៅតាមប្រភេទនៃសំរាម ហើយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍4R ដើម្បីកាត់បន្ថយការបង្កើតសំណល់ ការប្រើប្រាស់ឡើងវិញ ការកែច្នៃសំណល់ និងបដិសេធការប្រើប្រាស់ប្លាស្ទិក សំដៅធានាបាននូវបរិយាកាល្អ សោភ័ណភាព និងសុខភាពល្អ។

សូមជម្រាបថា តាមការបញ្ជាក់ របស់ក្រសួងបរិស្ថានប្រទេសកម្ពុជាយើងទាំងមូល បង្កើតកាកសំណល់សំរាមជាង ១ម៉ឺនតោនជារៀងរាល់ថ្ងៃ ឬជាង ៣លាន ៦សែនតោន ក្នុងមួយឆ្នាំ ក្នុងនោះប្រមាណ ២០%ជាសំណល់ប្លាស្ទិក ហើយអត្រាកំណើននៃសំរាមនៅកម្ពុជាមានប្រមាណ ១៥%ក្នុងមួយឆ្នាំ សំរាមវាជាបញ្ហាប្រឈមមួយរបស់កម្ពុជា ខណៈការកែច្នៃនៅមានកម្រិត៕ អរគុណសន្តិភាព







