ព្រឹកស្អែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេសសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅខេត្តសៀមរាប។
សូមបញ្ជាក់ជូនថា៖ តាមរយៈការសិក្សាលម្អិត រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖
-ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ
-ប្រភេទទី២. ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រពីលើ
-ប្រភេទទី៣. ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ
-ប្រភេទទី៤. ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ ACឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ។
គម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែ និងការងាររៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ នឹងត្រូវអនុវត្តការសាងសង់ដោយអង្គភាពចំនួន០៨រួមមាន៖
១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម
២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប
៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប
៤) អគ្គនាយកដ្ឋានសាធារណការ
៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ
៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង
៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុង ក្នុងខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា និងគំនូស សញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អផ្លូវជាដើម ការសាងសង់មានរយៈ ពេល ១៣ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១៕ អរគុណសន្តិភាព