សំខាន់និងបន្ទាន់ សម្តេចតេជោ ហ៊ុន សែន ផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទ (Video)

សម្តេចតេជោ ហ៊ុន សែន ផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» និងអំពាវនាវពលរដ្ឋ ទៅធ្វើតេស្តរកមេរោគដោយមិនអស់ប្រាក់

ខេត្តសៀមរាប៖ ពីខេត្តសៀមរាបដើម្បីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារណែនាំជាពិសេសថ្មីមួយទៀត ដោយបានណែនាំឱ្យរដ្ឋមន្ត្រី និង​អភិបាល​​រាជធានី-ខេត្ត មានសិទ្ធិបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង ក៏ដូចជាបិទសាលារៀន បិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» ជា​ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកដំបូងនោះ។

ក្នុងសារពិសេសផ្ញើជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ៨នាក់​ហើយ។ សម្តេចតេជោ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាបញ្ហាធ្ងន់ធ្ងរណាស់សម្រាប់កម្ពុជា ក្នុងរយៈពេល១១​ខែ ដែលបានឆ្លងកាត់តាំងពីដើមឆ្នាំមកនោះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានសម្រេចឱ្យសម្តេច​ក្រឡា​ហោម ស ខេង ពិនិត្យ និងសម្រេចក្នុងការបិទផ្នែកណាខ្លះ ឬក្រសួងតែម្តង ដើម្បីទប់ស្កាត់ការរីកសាយភាយ​ជំងឺកូវីដ១៩ ហើយជំនួសឱ្យមន្ត្រីធ្វើការពីផ្ទះមកវិញ។

ក្រៅពីការផ្តល់សិទ្ធិឱ្យសម្តេចក្រឡាហោម ស ខេង ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន​រដ្ឋមន្ត្រី មន្ត្រីមន្ត្រីជាន់ខ្ពស់ក្រសួងនានា ក៏ដូចជាខេត្តមួយចំនួនទៀត ក៏បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ​ផងដែរ ដូច្នេះសម្តេចក៏សម្រេចផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី អភិបាលរាជធានី ខេត្តជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មាន​សិទ្ធិចាត់ចែងក្នុងការបិទក្រសួង ឬផ្នែកខ្លះ ក៏ដូចជាបិទសាលា បិទអាហារដ្ឋាន ភោជនីយដ្ឋាន និងទីតាំង​ដទៃ​ទៀត ដែលជាប់ពាក់ព័ន្ធផងដែរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ក្រៅពីសម្តេចក្រឡាហោម នៅមានរដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ និងមានរដ្ឋលេខាធិការ និងមន្ត្រីមួយចំនួន​ផ្សេង​ទៀត ដែល​មាន​ការពាក់ព័ន្ធ។ ក្នុងនោះឥឡូវនេះយើងបានសង្កេតឃើញថា បើមានថ្នាក់រដ្ឋមន្ត្រីជាប់​ពាក់​ព័ន្ធបែបនេះ ច្បាស់ជាមានមន្ត្រីខាងក្រោម។ ដូច្នេះហើយបានជាខ្ញុំ សូមផ្តល់អំណាចនេះទៅឱ្យរដ្ឋមន្ត្រី​ពិនិត្យ​មើល​ផ្នែក​ពាក់ព័ន្ធទាំងឡាយ ផ្នែកណាខ្លះដែលចាំបាច់ត្រូវចូលធ្វើការ ហើយផ្នែកណាខ្លះដែលអាច​ធ្វើការ​ពីផ្ទះ ដែល​ផ្តល់​ឱកាសនេះសម្រាប់ឱ្យបានថែទាំខ្លួនក្នុងការធ្វើចត្តាឡីស័ក ហើយជាពិសេស គឺសុំឱ្យ​មានការស្ម័គ្រចិត្ត​ទៅយក​សំណាក»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ក្នុងការពិនិត្យ និងសម្រេចបិទសាលាដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះផងដែរ។

ក្នុងសារសំឡេងនៅយប់នេះសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់​ប្រជាពលរដ្ឋដឹងថា ខ្លួនជាប់​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ត្រូវនាំគ្នាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ដែល​បាន​ដឹងខ្លួនថាមានជាប់ការពាក់ព័ន្ធ ឬអាចឆ្លងកាត់តំបន់ ដែលឯកឧត្តមអគ្គនាយក ក៏ដូចជាអ្នកដឹកនាំមួយ​ចំនួន​បានធ្វើដំណើរឆ្លងកាត់ ក៏ដូចជាភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារធ្វើដំណើរឆ្លងកាត់ មានការភ្ញាក់​រលឹកទៅរកកន្លែងទៅធ្វើតេស្តរកនូវមេរោគនេះ ហើយអាចនឹងដាក់ខ្លួនធ្វើចត្តាឡីស័កតែម្តង។ នេះជាវិធីតែមួយគត់ ដែលអាចសង្គ្រោះសាមីខ្លួនមិនឱ្យឆ្លងកូវីដ១៩ ហើយមិនយកកូវីដ១៩ ទៅចម្លងអ្នក​ដទៃ»

សម្តេចតេជោ បានសូមឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿងអស់លុយថ្លៃធ្វើតេស្តរកមេរោគនេះ គឺជា​បន្ទុក​ទាំងស្រុងរបស់រាជរដ្ឋាភិបាល។​ «ហើយកុំព្រួយថានឹងមានការយកលុយយកកាក់ពីសំណាក់ប្រជាពលរដ្ឋឱ្យសោះ។ គ្មាននរណា មានសិទ្ធិ​ដើម្បីនឹងទទួលយកប្រាក់ពីប្រជាពលរដ្ឋសម្រាប់ការធ្វើតេស្តរកមេរោគកូវីដនោះទេ។ អ្វីដែលរាជរដ្ឋាភិបាលត្រូវការ គឺឱ្យបងប្អូនមានសុវត្ថិភាព ធានាបានអាយុជីវិត និងមិនមានការឆ្លង​រាលដាល​នៅក្នុងប្រទេសរបស់យើង»។ បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ​ដល់ប្រជាពលរដ្ឋកុំភ័យស្លន់ស្លោ ត្រូវគ្រប់គ្រងទៅលើសភាពការណ៍នេះ ដោយភាពម្ចាស់ការ។ ប៉ុន្តែម្ខាងទៀតត្រូវតែមានការប្រុងប្រយ័ត្ន ដោយអ្នកមិនទាន់ពាក់ព័ន្ធមិនត្រូវចូលទៅរកការពាក់ព័ន្ធ ហើយ​អ្នកមា​នការពាក់ព័ន្ធត្រូវភ្ញាក់រលឹកទៅរកគ្រូពេទ្យនៅទីកន្លែងកំពុងធ្វើតេស្ត។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា សម្រាប់អ្នកដែលមិនមានកន្លែងធ្វើចត្តាឡីស័ក គឺក្រសួង​សុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំសណ្ឋាគារសុខាសម្រាប់ធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងកូវីដ១៩ចូលក្នុងសហគមន៍នេះ សម្រាប់រាជធានីភ្នំពេញ ក្រសួង​បាន​រៀបចំកន្លែងធ្វើចត្តាចំនួន៣កន្លែង នៅផ្សារទំនើបអ៉ីអន នៅក្រសួងមហាផ្ទៃ និងនៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានមនុស្សជាង ៣ពាន់នាក់ហើយ ត្រូវបានយក​សំណាករកជំងឺកូវីដ១៩៕

 

 

អត្ថបទដែលជាប់ទាក់ទង