អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឧបត្ថម្ភថវិកាដល់អ្នកធ្វើចត្តាឡីស័ក ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” តែត្រូវមានលក្ខណៈសម្បត្តិ ៤យ៉ាង

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានសាងស និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញបានចេញផ្សាយ សេចក្ដីជូនដំណឹងមួយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង ១គ្រួសារទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល ដោយថវិកានេះរដ្ឋបាល រាជធានីភ្នំពេញ នឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិ ៤យ៉ាងដូចខាងក្រោម៖
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២៨វិច្ឆិកា»។
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និង
៤- អ្នកដែលមានជីវភាពខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧,០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤ និងលេខ ០១១ ៨៤៨ ៦៨៧។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងការណ៍សហគមន៍២៨វិច្ឆិកា សហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់៕ by AKP
អត្ថបទដែលជាប់ទាក់ទង