មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារកំពុងធ្វើការនាំប្រជាកសិករក្នុងសហគមន៍ដាំដំណាំសណ្តែកដីសរីរាង្គជាដំណាំថ្មីបន្ថែមលើស្រូវសរីរាង្គ

ខេត្តព្រះវិហារ៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) ជួយសម្របសម្រួលការចុះធ្វើសវនកម្មរបស់ក្រុមហ៊ុន អេកូសែក (ECOCERT)ទៅលើដំណាំសណ្តែកដីសរីរាង្គរបស់សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមឆ័ត្រសហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ (PMUAC) ក្នុងខេត្តព្រះវិហារ។

លោកបន្តថា ក្នុងឆ្នាំ២០២០នេះ ជាឆ្នាំទី១ដែល PMUAC បានគាំទ្រសមាជិករបស់ខ្លួនក្នុងការផលិតសណ្តែកដីសរីរាង្គ (ដែលជាដំណាំថ្មីបន្ថែមលើស្រូវសរីរាង្គ) និងលក់ឱ្យក្រុមហ៊ុនអេទីកាប (ETHIQUABLE) នៃប្រទេសបារាំងតាមរយៈកសិកម្មតាមកិច្ចសន្យា។ វិញ្ញាបនបត្រសណ្តែកដីសរីរាង្គ នឹងកាន់ដោយ PMUAC ។

លោកប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ពេលនេះមន្ទីរកំពុងធ្វើការណែនាំជំរុញឱ្យប្រជាកសិករក្នុងសហគមន៍ដែលមានដីចម្ការមកដាំដំណាំសណ្តែកដីសរីរាង្គបន្ថែមលើស្រូវសរីរាង្គលក់ឱ្យក្រុមហ៊ុន អេទីកាប (ETHIQUABLE) នៃប្រទេសបារាំងតាមរយៈកសិកម្មតាមកិច្ចសន្យា សម្រាប់ឆ្នាំទី១នេះការលក់សណ្តែកដីឱ្យក្រុមហ៊ុនបានតិច ព្រោះប្រជាកសិករមានការដាំដុះបានតិចតួចនៅឡើយ ។

នៅឆ្នាំ២០២១គម្រោងផលិតពូជសណ្តែកដីឱ្យបានជាង១០តោនសម្រាប់ធ្វើការដាំដុះ ព្រោះដំណាំសណ្តែកដីនេះងាយដាំ គឺប្រជាកសិករដាំដុះបានគ្រប់រដូវ ធននឹងអាកាសធាតុ ប្រើរយៈពេលខ្លី ប្រើដើមទុនតិចទទួលបានផលច្រើន ហើយប្រជាកសិករលក់ឱ្យក្រុមហ៊ុនបានថ្លៃជាងតម្លៃលក់នៅលើទីផ្សារក្នុងស្រុកបច្ចុប្បន្ន ធ្វើឱ្យចំណូលពួកគាត់ឡើងខ្ពស់ មានជីវភាពកាន់តែធូរធារ ៕ អរគុណសន្តិភាព