“អ្នកចេះគឺជាប់“ គុណភាពនៃការប្រឡងបាក់ឌុប២១ធ្នូឆ្នាំ២០២០ខាងមុខនេះ នៅរក្សាដូចឆ្នាំមុន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សាគុណភាពនៃការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ ដូចឆ្នាំមុន គឺ “អ្នកចេះគឺជាប់“ ដើម្បីកសាងធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគតឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ នៅតែរក្សាលំនាំដើម ទាំងបច្ចេកទេស និងនីតិវិធីសម្រាប់ការរៀបចំការប្រឡងបាក់ឌុប គឺ “អ្នកចេះគឺជាប់“។ ប៉ុន្តែក្នុងពេលប្រឡង ត្រូវអនុវត្ត វិធានការសុវត្ថិភាពសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល សម្រាប់ចូលរួមគ្រប់គ្រង បង្ការ និងទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩។
“គុណភាពនៃការប្រឡងបាក់ឌុបឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុន ដោយសារក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តគោលការណ៍ធំៗបួនគឺ៖ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡង។“
ឯកឧត្តមបញ្ជាក់ថា ក្រសួងអប់រំ បានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាគុណភាពប្រឡងបាក់ឌុបនេះ ជាមួយក្រសួងមហាផ្ទៃដោយបន្តផ្តល់កិច្ចសហការតាមរយៈអាជ្ញាធរមូលដ្ឋាន បន្តចូលរួមរក្សាសណ្តាប់ធ្នាប់និងរបៀបរៀបរយ គ្រប់ដំណាក់កាលនៃការប្រឡង អង្គភាពប្រឆាំងអំពើពុករលួយ បន្តចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមបង្រៀនបំប៉នបន្ថែម និងក្រសួងសុខាភិបាល ផ្តល់កិច្ចសហការតាមរយៈការផ្តល់ មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន ដូចឆ្នាំមុនៗដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា អាជ្ញាធរខេត្ត បានចាប់ផ្តើមរៀបចំចាត់វិធានការ បង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ដើម្បីធានាបាន សុខុមាលភាពរបស់សិស្សានុសិស្សដែលចូលរួមប្រឡងទាំងអស់ ជាពិសេសទប់ស្កាត់ការចម្លងចូលសហគមន៍ ។
តាមផែនការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តនឹងបាញ់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅគ្រប់មណ្ឌលប្រឡង ទាំងអស់ ។ ថ្ងៃទី២០ ខែធ្នូ នឹងមានការវាស់កម្តៅនិងចែកម៉ាស់ជូនដល់បេក្ខជនដែលមកពិនិត្យឈ្មោះប្រឡងគ្រប់មណ្ឌល ។ នៅថ្ងៃទី២១ដល់២២ ខែធ្នូ ឆ្នាំ២០២០ មានការវាស់កម្តៅនិងចែកម៉ាស់ជូនដល់បេក្ខជននិងគណៈកម្មការទាំងអស់ ។ ការវាស់កម្តៅគឺត្រូវធ្វើឡើងចំនួន២លើក ពេលព្រឹកមួយលើកនិងពេលរសៀលមួយលើក ។ បន្ទាប់ពីវាស់កម្តៅរួច បេក្ខជនដែលមិនមានភាពសង្ស័យគឺបិទស្ទិកគ័រចំណាំ រួចអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង ។ តែបើបេក្ខជនមានកម្តៅ ចាប់ពី៣៧.៥អង្សាសេឡើង ត្រូវរៀបចំទុកនៅដោយឡែករង់ចាំការពិនិត្យដោយក្រុមគ្រូពេទ្យប្រចាំមណ្ឌលពិនិត្យសាជាថ្មី និងសុំអនុសាសន៍ណែនាំពីថ្នាក់លើ។គ្រប់មណ្ឌលប្រឡងត្រូវដាក់អាកុលសម្រាប់បេក្ខជន និងគណៈកម្មការនានាប្រើប្រាស់ ។ សម្រាប់គ្រប់បន្ទប់ទឹកក៏ត្រូវមានដាក់សាប៊ូ ផងដែរ។
សូមបញ្ជាក់ថា សម័យប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែធ្នូ ខាងមុខនេះ៕by AKP