រដ្ឋបាលខេត្តកំពង់ធំ ទទួលអំណោយជាសម្ភារគ្រប់គ្រងអនាម័យ ពីអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍កម្ពុជា IOM ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ទទួលអំណោយជាសម្ភារៈគ្រប់គ្រងអនាម័យ និងសម្ភារៈមួយចំនួនទៀតពីអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍កម្ពុជា IOM (អាយ អូ អឹម) ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោក គង់ រិទ្ធី អ្នកសម្របសម្រួលរបស់អង្គការ IOM ប្រចាំខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា អំណោយជាសម្ភារសម្រាប់ គ្រប់គ្រងអនាម័យ (WASH facilities) និងសម្ភារមួយចំនួនទៀតនោះ គឺជាការឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុនតាមរយៈ IOM ដល់រដ្ឋបាលខេត្តកំពង់ធំ និងដល់មន្ទីរសុខាភិបាលខេត្តកំពង់ធំ សម្រាប់បម្រើការពារបង្ការនិងទប់ស្កាត់កូវីដ-១៩ រួមមាន៖ ធុងដាក់សំរាម -ថង់ដាក់សំរាម-ធុងជូតសម្អាតកម្រាលអាគារ -face mask -សាប៊ូលាងដៃ -Gel សម្លាប់មេរោគ -ស្រោមដៃ – អូហ្សាវែល -ធុងបាញ់សម្លាប់មេរោគកូវីដ-១៩ សៀវភៅណែនាំសម្រាប់បង្ការការទប់ស្កាត់ការរាលដាលកូវីដ-១៩- poster ស្តីពីកូវីដ-១៩ក្រដាសអនាម័យសម្រាប់ជូតសម្អាតដៃ និងសម្ភារជាច្រើនទៀត។
ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍កម្ពុជា IOM (អាយ អូ អឹម) ប្រចាំខេត្តកំពង់ធំ ដែលបានជួយគាំទ្រថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់បុគ្គលិកសុខាភិបាល អ្នកស្ម័គ្រចិត្ត និងបានសហការរាល់សកម្មភាព ផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ ការរីករាលដាលកូវីដ-១៩ នៅតាមសហគមន៍ និងការជួយផ្តល់ជាសម្ភារសម្រាប់ផ្សព្វផ្សាយនិងសម្ភារ សម្រាប់ការពារ កូវីដ-១៩ ដល់រដ្ឋបាលខេត្តកំពង់ធំនិងមន្ទីរសុខាភិបាល ខេត្តកន្លងមក។
លោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ថា អំណោយជាសម្ភារៈទាំងនេះ រដ្ឋបាលខេត្ត នឹងយកទៅចាត់ចែងបន្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងខេត្តកំពង់ធំ រួមទាំងមន្ទីរពេទ្យបង្អែក សម្រាប់ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ខេត្តកំពង់ធំ៕