អ្នកបើកបរឡានធំ បើកបុកអ្នកជិះកង់ហាត់ប្រាណបណ្តាលឲ្យបាក់ភ្លៅខាងស្ដាំ
ខេត្តកណ្តាល៖ ឡានធំមួយគ្រឿង បានដាច់ហ្វ្រាំងរហូតជ្រុលបុកបុរសម្នាក់ដែលកំពុងជិះកង់ហាត់ប្រាណ បណ្តាលឲ្យបាក់ភ្លៅខាងស្ដាំ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង ៦.៣០នាទី នៅចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាព K12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានប្រាប់ថា ជនបង្កមានឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3634 បើកបរក្នុងទិសដៅពីត្បូងទៅជើង។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានដាច់ហ្រ្វាំងរួចរេចង្កូតមកឆ្វេង ក៏បានបុកជាមួយកង់មួយគ្រឿងម៉ាក GIANT ពណ៌ខ្មៅ អ្នកជិះកង់ឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានមិត្តភភ្តិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចអះអាងថា មកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវមុននឹងចេញដំណើរ ទើបបណ្ដាលឲ្យដាច់ហ្រ្វាំងរេចង្កូតទៅបុកអ្នកជិះកង់បែបនេះ ៕ ដោយ១៩