មានសង្ឃឹមហើយ សិង្ហបុរី ប្រកាសរួមវិភាគទានចំនួន ៥លានដុល្លារអាមេរិក ទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចែកទៅប្រទេសក្រីក្រមួយចំនួន មានកម្ពុជាផងដែរ
ប្រទេសសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍន៍មួយនៅតំបន់អាស៊ាន បានសម្រេចចូលរួមវិភាគទានថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ និងបែងចែកទៅប្រទេសក្រីក្រមួយចំនួន ក្នុងនោះក៏មានកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងក្រសួងសុខាភិបាល និងក្រសួងការបរទេស នៃប្រទេសសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសដែលចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់បន្ថែមថា៖ «ដើម្បីជាផ្នែកមួយ នៃការគាំទ្ររបស់យើង នៅលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបាន ព្រមទាំងការបែងចែកវ៉ាក់សាំងនេះដោយស្មើភាព ប្រទេសសិង្ហបុរី នឹងរួមចំណែកវិភាគទានចំនួន ៥លានដុល្លារអាមេរិក ទៅក្នុងយន្តការទទួលបានមុន នៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប ឱ្យទទួលបាននូវវ៉ាក់សាំងតាមរយៈយន្តការ COVAX នេះ» ។
ដោយឡែក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់រួចហើយថា ខណៈប្រទេសកម្ពុជា គឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិ ចាក់ថ្នាំបង្ការ (GAVI) ក្រសួងសុខាភិបាល បាននិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយអង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសនានាដទៃទៀត ក្នុងការគិតគូរស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាផងដែរ ដែលហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។
គួររម្លឹកផងដែរថា បើទោះជាមានប្រទេស និងក្រុមហ៊ុនមួយចំនួន បានសម្រេចផលិត និងធ្វើតេស្តដោយជោគជ័យ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក៏ដោយ ក៏រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក ពុំទាន់ទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងណាមួយនូវឡើយទេ៕ by AKP