វិជ្ជមាន ៣០នាក់ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ក្រសួងធ្វើតេស្តអ្នកប៉ះពាល់ទាំងអស់ចំនួន ១០ ៧៧២សំណាក
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនាព្រឹកថ្ងៃទី០៦ ខែធ្នូនេះថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ សរុបទាំងអស់បានចំនួន ១០ ៧៧២សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
តាមក្រសួងសុខាភិបាល កាលពីថ្ងៃទី០៥ ខែធ្នូ វត្ថុសំណាក ដែលនៅសល់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៥១សំណាក ដោយបូកបន្ថែមចំនួនវត្ថុសំណាក ទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៦២៥សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ -១៩ ថ្មីចំនួន ១នាក់ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ១០៧សំណាកផ្សេងទៀត ត្រូវវិភាគបន្តនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកប៉ះពាល់ទៅនឹង ”ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ទាំងអស់ អញ្ជើញទៅធ្វើតេស្តជាលើកទី២ នៅថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២០ខាងមុខនេះ ដែលក្រសួងសុខាភិបាលនឹងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាលរាជខេត្ត។
តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣០នាក់ហើយ។
រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុប ៣៤៦ករណី ក្នុងនោះអ្នកជំងឺ ៣០៦បានជាសះស្បើយ៕ by AKP