កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយទៅវិញទៅមកឱ្យកាន់តែមានគុណភាព ដើម្បីជាប្រយោជន៍ ប្រទេសទាំងពីរ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មានកម្ពុជា និង រដ្ឋបាលវិទ្យុជាតិ និងទូរទស្សន៍សាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃស្ថាប័នទំាង២កម្ពុជា ចិន បានបង្ហាញឡើងវិញនូវឆន្ទៈដ៏មុតមាំ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការដោយផ្ទាល់ និងជំរុញប្រព័ន្ធផ្សព្វផ្សាយឯកជន ដើម្បីចូលរួមអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីជំរុញឱ្យកិច្ចសហប្រត្តិបត្តិការនេះកាន់តែសម្រេចបានជោគជ័យ អង្គប្រជុំនឹងពង្រឹងនិងពង្រីក បន្ថែមទៀត លើចំណុចសំខាន់ៗចំនួន៣ គឺ៖
ទី១ គឺការបង្កើននិងការផ្ដល់ទៅវិញទៅមកនូវកម្មវិធីផ្សាយ ក្នុងនោះមានភាពយន្តឯកសារ ភាពយន្តរឿង ភាពយន្តភាគ ក៏ដូចជាផ្នែកអប់រំ។
២. ការងារបណ្ដុះបណ្ដាលហ្នឹងគឺជាបញ្ហាសំខាន់ណាស់នៅក្នុងអន្តរសិទ្ធិលើកនេះ ដោយសារខាងភាគីកម្ពុជារបស់យើងបានស្នើសុំដល់ភាគីមិត្តចិននៅក្នុងការគាំទ្រដល់កម្ពុជាយើងនៅក្នុងការបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងរបស់យើង ដើម្បីបន្តវេន។ និង
ទី៣ គឺការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីដឹកនាំទៅវិញទៅមកនិងមន្ត្រីជំនាញ ដើម្បីដកហូតពិសោធន៍នៅក្នុងការអនុវត្តលើវិស័យផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ ជាពិសេសនៅក្នុងយុគសម័យ ឌីជីថលក៏ដូចជាយុគសម័យ5G និងឧស្សាហកម្ម ៤.០នេះ គឺជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងអង្គសន្និសីទ។
សូមបញ្ជាក់ថា ក្នុងសន្និសីទប្រចាំឆ្នាំលើកទី៤នេះ មាន ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ MENG DONG អនុរដ្ឋមន្ត្រី រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ជាតំណាង ឯកឧត្តម NIE CHEN XI រដ្ឋមន្ត្រីរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្នាក់ដឹកនាំតំណាងឱ្យស្ថាប័នទាំងពីរ បានសម្តែងការសោកស្ដាយ ដែលគម្រោងកិច្ចសហប្រតិបត្តិការ ជាច្រើនសម្រាប់ អនុវត្តក្នុងឆ្នាំ២០២០ ត្រូវបានលើកពេល ដោយសារស្ថានការណ៍ជំងឺឆ្លងកូវីដ-១៩។ ប៉ុន្តែសម្រាប់ឆ្នាំ២០២១ ខាងមុខ បើស្ថានការណ៍ជំងឺកូវីដ-១៩ ធូរស្រាល ស្ថាប័នទាំងពីរនឹងរៀបចំសន្និសីទប្រចាំឆ្នាំលើកទី៥ នៅប្រទេសចិន ដើម្បីជួបប្រាស្រ័យគ្នាដោយផ្ទាល់៕ by AKP