មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បន្តជួសជុសផ្លូវលំមួយខ្សែពីស្រុកកោះញែក ទៅកាន់ខេត្តក្រចេះ ឱ្យហើយនៅដើមឆ្នាំក្រោយ
ខេត្តមណ្ឌលគិរី៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បន្តជួសជុសផ្លូវលំមួយខ្សែពីស្រុកកោះញែក ទៅកាន់ព្រំប្រទល់ខេត្តក្រចេះ បន្ថែមទៀត ឱ្យហើយនៅដើមឆ្នាំក្រោយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋឱ្យ បានងាយស្រួលជាងមុន។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានឱ្យដឹងថា នៅដើមឆ្នាំ២០២១ មន្ទីរនឹងបន្តជួសជុស ផ្លូវលំមួយខ្សែជាប្រភេទផ្លូវក្រួសក្រហម មានប្រវែងជាង២៥គីឡូម៉ែត្រ ស្ថិតនៅស្រុកកោះញែក ទៅកាន់ព្រំប្រទល់ខេត្តក្រចេះ ឱ្យហើយនៅដើមឆ្នាំថ្មីខាងមុខនេះ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមក ឱ្យកាន់តែមានភាព ងាយស្រួល ក្នុងជីវភាពរស់នៅប្រចាំរបស់បងប្អូន។
លោកបានបន្តថា បច្ចុប្បន្នផ្លូវលំមួយខ្សែនេះខាងមន្ទីរក៏បានជួសជុល ជួយសម្រួលទៅដល់ប្រជាពលរដ្ឋ បានពាក់កណ្តាល ហើយ នៅសល់ជាងពាក់កណ្តាលទៀតនឹងធ្វើឱ្យហើយនៅដើមឆ្នាំ២០២១ខាងមុខនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបានងាយស្រួល។
«មន្ទីរមានផែនការ ដើម្បីយើងជួយគាត់ធ្វើម៉េចឱ្យឆ្នាំក្រោយខាងមុខនេះ មានផ្លូវធ្វើដំណើរទៅមកមួយវិញទៀត ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវមានការខូចដាច់ដឹក អីមិនកើតអ្នកឈឺអីអត់បាន ឥឡូវនេះខាងខ្ញុំដាក់ផែនការនេះ ចូលក្នុង ផែនការឆ្នាំ២០២១ជួយពួកគាត់តែម្ដងកែលម្អផ្លូវនេះហើយមានការខូចខាតសូមឱ្យអាជ្ញាធរជាពិសេសមេឃុំដើម្បីចូលរួមទាំង អស់គ្នាការពារសមិទ្ធផលរបស់យើងទាំងអស់គ្នា»។
លោកបានបន្ថែមទៀតថា ផ្លូវលំមួយខ្សែនេះជាផ្លូវមានសក្តានុពលសំខាន់ សម្រាប់ប្រជាពលរដ្ឋ ដឹកជញ្ជូនផលិតផលកសិកម្ម ជាពិសេសស្រូវ ចេញពីស្រុកកោះញែកទៅកាន់ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តផ្សេងទៀត ៕ by AKP