បងប្អូនជនជាតិព្រៅ ប្តេជ្ញារួមគ្នាថែរក្សាផ្លូវបេតុងក្នុងសហគមន៍
ខេត្តស្ទឹងត្រែង៖ ផ្លូវបេតុងចូលទៅកាន់ភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបងប្អូនជនជាតិព្រៅរស់នៅ បានសាងសង់រួចរាល់ហើយ។ អាជ្ញាធរស្រុកនេះបានស្នើឱ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសម្រាប់ជាប្រយោជន៍ប្រើប្រាស់ ធ្វើចរាចរណ៍ចេញចូលបានយូរអង្វែង។
ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវបេតុងកាលពី ថ្ងៃទី១០ធ្នូ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានតម្រូវឱ្យ ក្រុមជាងធ្វើប្រឡាយអមសងខាងផ្លូវឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសទឹកភ្លៀងខែវស្សាហូរច្រោះ បង្កផលប៉ះពាល់ដល់ផ្លូវបេតុងនេះ។
លោកអភិបាលស្រុកបានបញ្ជាក់ថា៖នៅពេលប្រគល់ទទួលផ្លូវនេះ សូមឱ្យអាជ្ញាធរភូមិសហការជាមួយប្រជាពលរដ្ឋ ពិគ្រោះគ្នារៀបចំដាក់បង្គោល ( មានកំណត់កម្ពស់) ហាមឃាត់ចំពោះរថយន្តធុនធំឆ្លងកាត់ លើផ្លូវបេតុងនេះ ដើម្បីយើង ថែរក្សាទុកប្រើប្រាស់បានយូរអង្វែង។
លោក ខាន វីន មេភូមិការតូតបានបញ្ជាក់ថា៖ចំណុចនេះ ប្រជាពលរដ្ឋយើងចង់បានយូរមកហើយ ព្រោះតែផ្លូវមួយ ខ្សែនេះ មិនដែលបានធ្វើអ្វីទេ ខែវស្សាពិបាកក្នុងការធ្វើដំណើរទៅមក។
លោកបន្តថា៖ដើម្បីការពារសមិទ្ធផលនេះ បងប្អូនយើងនឹងពិគ្រោះគ្នាហើយ រៀបចំដាក់បង្គោលសុវត្ថិភាព តាមការណែនាំពីលោកអភិបាលស្រុក ដើម្បីបង្អាក់រថយន្តធំបើកបរឆ្លងកាត់ ព្រោះផ្លូវនេះក៏មានថវិកាបដិភាគរបស់ បងប្អូនជនជាតិព្រៅចូលរួមចំណែកផងដែរ។
សូមបញ្ជាក់ថា៖ ផ្លូវបេតុងនេះប្រវែងជាង៥០០ ម៉ែត្រនិងទទឹង៦ម៉ែត្រ ដែលជាផ្លូវដើមខ្សែ បម្រើការដឹកជញ្ជូនផលកសិកម្ម របស់កសិករចេញទៅផ្លូវជាតិលេខ៧៨ ទៅកាន់ទីប្រជុំជន (អូរពងមាន់)ក្រចេះ ស្ទឹងត្រែង រតនគីរី និងទៅដល់ទីរួមខេត្ត ស្ទឹងត្រែងផង៕by AKP