Detail Top Banner

រដ្ឋបាលជលផលខេត្តបាត់ដំបងបញ្ជូនឈ្មោះជនសង្ស័យ២នាក់ប្តីប្រពន្ធ និងវត្ថុតាង ទៅតុលាការ

ខេត្តបាត់ដំបង៖ មន្រ្តីខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនវត្ថុតាងជាម៉ាស៊ីន​បូមទឹក និងឈ្មោះជនល្មើស២រូប ជាប្តីប្រពន្ធដែលមិនរាងចាល ក្នុងការរុករានដីព្រៃលិចទឹកធ្វើស្រែ ទៅកាន់សាលាដំប្មូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់នាថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ។

តាមរបាយការណ៍របស់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃចាស់ ស្រុកឯកភ្នំ បានឱ្យដឹងថា កម្លាំងចម្រុះមានទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចាត់វិធានការឃាត់ខ្លួន និងបង្រ្កាបចំពោះប្រជាពលរដ្ឋណាដែលមិនរាងចាលក្នុងការប្រព្រឹត្តបទល្មើសកាប់ទន្រ្ទានព្រៃលិចទឹក និងបទល្មើសនេសាទ ។ ជាក់ស្តែងពេលចុះបង្រ្កាបនៅចំណុចក្រពើស្គម ភូមិសាស្រ្តឃុំព្រៃចាស់ ឃើញមានការកាប់ទន្រ្ទានព្រៃលិចទឹកធ្វើស្រែ សមត្ថកិច្ចបានរឹបអូសម៉ាស៊ីនបូមទឹក ចំណែក ម្ចាស់រត់គេចខ្លួនបាត់ ។ លោក ជួង សុភា ប្រធានខ័ណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា ជនសង្ស័យពីរនាក់ប្តីប្រពន្ធខាងលើ ស្ថិតក្នុងចំណោមមនុស្ស ៥នាក់ ដែលធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ការរុករានព្រៃលិចទឹកធ្វើស្រែ ជាមួយនឹងរដ្ឋបាលស្រុកឯកភ្នំនិងមន្រ្តីខ័ណ្ឌរដ្ឋបាលជលផលម្ដងរួចមកហើយ តែជននេះ មិនរាងចាល នៅតែបន្តប្រព្រឹត្តដោយជួលមនុស្សមកបូមទឹកដាក់ស្រែ ដែលបានរុករានដដែល ចំណែកអ្នកផ្សេងទៀតពុំឃើញមានសកម្មភាពល្មើសទៀតនោះទេបន្ទាប់ពីធ្វើកិច្ចសន្យារួច ។

អាជ្ញាធរស្រុកឯកភ្នំ កងកម្លាំង និង មន្រ្តីខ័ណ្ឌរដ្ឋបាលជលផលបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទ និងការរុករានព្រៃលិចទឹក នៅមូលដ្ឋានស្រុកនេះ ដោយបង្រ្កាបបានសាច់មង ៥៥០០ម៉ែត្រ ឡុក២១ បង្គោលចំនួន ១៥០០ដើម ព្រលែងត្រី ១០០គីឡូក្រាម និងណែនាំឲ្យធ្វើកិច្ចសន្យាចំពោះអ្នកប្រព្រឹត្តជាច្រើននាក់ផងដែរ។

អាជ្ញាធរស្រុកឯកភ្នំបានព្រមានថា នឹងអនុវត្តន៍តាមផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋណាមិនរាងចាលក្នុងការរុករានដីព្រៃលិចទឹក និងប្រើឧបករណ៍នេសាទខុសច្បាប់ គឺមិនលើកលែងឡើយ៕ by AKP

អត្ថបទដែលជាប់ទាក់ទង