ព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារសរុបទាំងអស់ជាង ៩០នាក់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើតេស្តរកវីរុសកូវីដ-១៩ ជាលើកទី៣។

សូមបញ្ជាក់ផងដែរថា សម្តេចក្រឡាហោម ស ខេង ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយសារតែកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ សម្តេចបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ។

សូមជម្រាបថា លោក ឆែម សាវុធ និងក្រុមគ្រួសារ រួមទាំងអ្នកបើកឡាន ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានការឆ្លងជំងឺកូវីដ-១៩ ៕ by AKP

អត្ថបទដែលជាប់ទាក់ទង