យុវជនមួយក្រុម ក្នុងខេត្តសៀមរាបចូលរួមអភិរក្សសាស្ត្រាស្លឹករឹត ក្នុងក្តីសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន !

ខេត្តសៀមរាប៖ បច្ចុប្បន្ន មានកូនខ្មែរតិចតួចណាស់ដែលស្គាល់សាស្ត្រាស្លឹករឹត និងយល់ដឹង អំពីសារៈសំខាន់ នៃសាស្ត្រាស្លឹករឹត សាស្ត្រាស្លឹករឹតត្រូវបានព្រះសង្ឃ គ្រូបាអាចារ្យកាលពីសម័យបុរាណចារឹកចងក្រងជាអត្ថបទ ឯកសារ អក្សរសិល្ប៍ និងគម្ពីរធម៌។ល។ ហើយរក្សាទុកនៅតាមទីវត្តតាម ដើម្បីសិក្សារៀនសូត្រ។ ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា ការសិក្សារៀនសូត្រ ពីសាស្ត្រាស្លឹករឹត ត្រូវបានជំនួសដោយសៀវភៅ និងគ្រឿងអេឡិចត្រូនិចស្ទើរទាំងស្រុង។ ដោយការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុវជនមួយក្រុម ស្ថិតក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានបង្ហាញនូវទឹកចិត្តកាន់តែមោះមុត ក្នុងការអភិរក្សសាស្ត្រាស្លឹករឹតនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អ្នកនាង ភឿន ផាវី អ្នកជំនាញចារអក្សរលើស្លឹករឹត លើកឡើងថា សាស្ត្រាស្លឹករឹត ផលិតចេញពីស្លឹកទ្រាំង ឬតំបន់ខ្លះគេហៅថា ស្លឹកជ្រែ ឬ ស្លឹករឹតតែម្ដង ដោយគេយកស្លឹកដែលកាត់ហើយ ទៅហាលឲ្យស្ងួតយកមកចងរឹតគាបយ៉ាងស្អាតមុន នឹងយកមកចារកត់ត្រាជាចេញគម្ពីរធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ រឿងរ៉ាវ ក្បួនច្បាប់ ឬជារូបយ័ន្តផ្សេង សម្រាប់មនុស្សជំនាន់ក្រោយធ្វើការសិក្សាស្វែងយល់។
អ្នកនាង ភឿន ផាវី បង្ហាញថា ដោយមើលឃើញពីទឹកចិត្តស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌របស់ក្រុមយុវជនជំនាន់ក្រោយ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រជាថវិកា ដល់ក្រុមអ្នកនាង ក្នុងការចម្លងក្បួនច្បាប់ក្រមង៉ុយ ដើម្បីផ្ដល់ជូនទៅគ្រប់ទីអារាមនៅក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់។
បច្ចុប្បន្ន ក្រុមយុវជនចារស្លឹករឹតរបស់ អ្នកនាង ភឿន ផាវី មានទាំង យុវជន យុវនារី កុមារា និងកុមារី។ តាមការលើកឡើងរបស់ពួកគេ ការចារស្លឹករឹតមានការលំបាក ខុសឆ្ងាយពីការសរសេរលើក្រដាសសៀវភៅ។
បើទោះបីជាយ៉ាងនេះក្តី បញ្ហាកង្វះវត្ថុធាតុដើម នៅតែជាក្តីកង្វល់ ព្រោះស្លឹកទ្រាំង ដែលជាវត្ថុធាតុដើមដ៏សំខាន់តែមួយគត់ កាន់តែហិនហោចទៅៗ ដោយសារតែសកម្មភាពកាប់ព្រៃរានយកដីពីប្រជាពលរដ្ឋ។
គួរជម្រាបថា តាមរយៈវិទ្យាស្ថានស្លឹករឹត ដើមទ្រាំង មានដើមកំណើតនៅភាគខាងកើត និងខាងជើងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅភាគអាស៊ីអាគ្នេយ៍វិញ ដើមទ្រាំងនេះមាននៅប្រទេសកម្ពុជា ភូមា និងប្រទេសថៃ។
ដោយឡែកនៅប្រទេសកម្ពុជា ដើមទ្រាំងនេះភាគច្រើនមាននៅក្នុងព្រៃស្រ៊ង ខេត្តក្រចេះ និងខេត្តកំពង់ធំ៕ ប្រភពមន្ទីរព័ត៌មានខេត្ត



