ថ្ងៃនេះសម្តេចតេជោ អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រារព្ធ​ខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង៖

ទី១៖ ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ

ទី២៖ យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិតសូន្យ

ទី៣៖ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និង

ទី៤៖ ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធបញ្ហាអាកាស។  ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ពិភពលោក ដែលទាមទារការដោះស្រាយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជា មានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី ៕ by AKP

អត្ថបទដែលជាប់ទាក់ទង