មន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ ដឹកនាំដោយលោក កង ញ៉ឹប ប្រធានស្នាក់ការរងជាំ ចុះជួបប្រជាពលរដ្ឋដែលរកស៊ីឈ្នួលរុករានកាប់ដីព្រៃ

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ ដឹកនាំដោយលោក កង ញ៉ឹប ប្រធានស្នាក់ការរងជាំ ចុះល្បាតនៅចំណុចអូរគួយ បានជួបប្រជាពលរដ្ឋដែលរកស៊ីឈ្នួលកាប់ព្រៃ រុករានដីព្រៃ ដែលស្ថិតក្នងភូមិសាស្ត្រភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន ២៣នាក់ ដែលមកពីខេត្តកំពត បានធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត ហេីយបន្ទាប់មកឲ្យប្រជាពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
ចំពោះករណីខាងលើមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ នឹងបន្តស្រាវជ្រាវរកជនសង្ស័យនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់៕ ប្រភពមន្ទីរបរិស្ថានខេត្ត
